(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវ ដល់បងប្អូនអាជីវករដែលលក់ទំនិញនៅកម្ពុជា មេត្តារក្សាថ្លៃទំនិញដដែលលើទីផ្សារ ដោយកុំដំឡើងថ្លៃ។
ការចេញសេចក្ដីអំពាវនាវ របស់ក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា បន្ទាប់ពីក្រសួងសុខាភិបាលនៃកម្ពុជា បានប្រកាសពីការរកឃើញករណី Covid-19 លើបុរសជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាប ឃើញមានបងប្អូនអាជីវករមួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញដូចជា ម៉ាស់ការពារមុខ, អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះក្រសួងពាណិជ្ជកម្ម សូមជម្រាប និងអំពាវនាវជូនថា៖
១៖ សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមាន ក្នុងប្រទេសអាចធានា ដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង (សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម)។
២៖ សូមប្រជាពលរដ្ឋមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញ ដោយមិនសមហេតុផល។
៣៖ សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសតម្លៃថ្លៃទំនិញ សេ្រចតែអំពើលចិត្ត។ ក្នុងករណីរកឃើញមានភាពមិនប្រក្រតី អជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕