Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនសតិមិនគ្រប់ កាប់ឪពុកស្លាប់នៅស្រុកបាភ្នំ ខេត្តព្រៃវែង

09-03-2020 12:59

(ព្រៃវែង)៖ យុវជនម្នាក់កើតជំងឺសរសៃប្រសាទ បានទាញកាំបិតផ្គាក់កាប់ប្រហារឪពុកខ្លួនឯងចំនួនពីរកាំបិត ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ២៖១៦នាទី ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅផ្ទះជនរងគ្រោះ ភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានឲ្យភ្នាក់ងារ Fresh News ដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ ស៊ិន ពៅ អាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកកូនដែលមានសតិមិនគ្រប់ជាជនសង្ស័យមានឈ្មោះ ស៊ិន ថាវន្ត័ អាយុ២៧ឆ្នាំ មានប្រពន្ធនៅខេត្តកំពង់ធំ។

លោក មុំ សារុំ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកលេងផ្ទះឪពុកម្តាយនៅស្រុកកំណើតរបស់ខ្លួន ហើយបានទៅធ្វើបុណ្យជាមួយគ្នាផងដែរ មិនដឹងជាយ៉ាងម៉េច ស្រាប់តែនៅយប់កើតហេតុ ជនសង្ស័យជាកូនបានទាញកាំបិតផ្គាក់កាប់ឪពុកចំនួនពីរកាំបិត ១កាំបិតកាប់ចំក និងមួយកាំបិតទៀតត្រូវចំខ្នងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យបានកាប់ប្រហារតែឪពុកខ្លួនម្នាក់ប៉ុណ្ណោះ ចំណែកម្តាយនៅកន្លែងកើតហេតុដែរពុំបានត្រូវកាប់ប្រហារនោះទេ ហើយសមត្ថកិច្ចជំនាញក៏បានធ្វើតេស្ត រកសារធាតុញៀនដែរ តែមិនមាននោះទេ។

សព្វថ្ងៃនេះជនសង្ស័យមានប្រពន្ធ កូននៅឯខេត្តកំពង់ធំ បានមកលេងស្រុកកំណើតស្រាប់តែ មានរឿងកាប់ប្រហារឪពុកតែម្តង។ ទោះបីយ៉ាងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀតថា តើបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕