(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា សម្តេចមិនអាចហាមឃាត់ មិនឲ្យប្រជាពលរដ្ឋឈប់ភ័យខ្លាចចំពោះជំងឺ Covid-19 ឡើយ ប៉ុន្តែសូមប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលពេក រហូតប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋមួយចំនួន ឈានដល់ការទិញអង្ករ និងគ្រឿងបរិភោគស្តុកទុកក្នុងផ្ទះថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចមិនរារាំងចំពោះការទិញអង្ករ និងគ្រឿងបរិភោគស្តុកទុកនេះទេ ប៉ុន្តែសម្តេចគ្រាន់តែអំពាវនាវដល់អ្នកលក់ កុំដំឡើងថ្លៃទំនិញហួសហេតុ ក្នុងពេលមានតម្រូវការខ្លាំងនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ចំពោះបិរមាណអង្កររបស់កម្ពុជា សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភថា ខ្វះខាតឲ្យសោះ ព្រោះរោងម៉ាស៊ីនចំនួន៤០០របស់កម្ពុជា ស្រូវស្តុកទុកសម្រាប់ផ្គត់ផ្គង់ត្រូវការក្នុងស្រុក និងនាំចេញ ដែលអាចធានាថា បើទោះបីកម្ពុជាមិនបង្កបង្កើនផលស្រូវ១ឆ្នាំ ក៏កម្ពុជាមិនខ្វះអង្ករហូបដែរ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការភ័យខ្លាចច្រើនហួស រហូតដល់អ្នកខ្លះទៅទិញអង្ករ ទិញមីយកមកស្តុក ទិញប៊ីយ៉ាទិញស្រាយកមកស្តុក ក្រែងមិនបានចេញទៅផឹក។ ឥឡូវអីចេះ ចាប់យកយុទ្ធសាស្ត្ររុញទូកបណ្តោយទឹកតែម្តង អង្ករកំពុងតែលក់មិនដាច់ផង កំពុងចុះថោក អីចឹងទេបើបានជាជ្រុលទិញហើយ ទិញតែម្តងទៅព្រោះ៤០០សហគ្រាសដែលជាកន្លែងកិនស្រូវ អង្ករមិនខ្វះទេ សូម្បីតែយើងមិនធ្វើមួយឆ្នាំក៏អត់ទាន់ខ្វះអង្ករហូបនៅក្នុងស្រុកខ្មែរដែរ ហើយគ្រាន់តែអំពាវនាវអ្នកនៅតាមទីផ្សារ កុំដំឡើងថ្លៃជ្រុល»។
សម្តេចតេជោ ហ៊ុន សែន បានចោទសំណួរដល់បងប្អូន ដែលទិញទំនិញស្តុកទុក ព្រោះបារម្ភខ្លាចការរីករាលដាលនៃជំងឺ Covid-19 ថា «តើការទិញស្តុកទុកនេះ ប្រុងរត់ទៅណា? បើស្រុកកើតសង្គ្រាមទើបការទិញទុកនោះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែបច្ចុប្បន្ននេះ តើការទិញនេះប្រុងរត់ទៅណា? បើទៅក៏ដូចតែគ្នា»។
សូមជម្រាបថា បន្ទាប់ពីមានព័ត៌មាននៃការរីករាលដាល់នៃជំងឺ Covid-19 នៅខេត្តសៀមរាបនោះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ស្រុកនាំគ្នាទិញអង្ករ និងគ្រឿងបរិភោគស្តុកទុក ព្រោះខ្លាចខ្វះខាតស្បៀង ពេលមានការរីករាលដាលជំងឺខ្លាំង។
បន្ទាប់ពីមានការសម្រុកទិញអង្ករស្តុកទុកនេះ ដើម្បីការពារកុំឲ្យមានជនឆ្លៀតឱកាសដំឡើងថ្លៃនោះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលនាំឲ្យមានជនឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ។
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថា បរិមាណស្តុកអង្ករ និងស្រូវមិនទាន់កិន របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងឃ្លាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់ សំរាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសំរាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។
ដើម្បីដោះស្រាយកង្វល់ និងទប់ស្ថានការណ៍ពីជនឆក់ឱកាសនិយមដំឡើងថ្លៃអង្ករហួសហេតុ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងចាប់ពីថ្ងៃច័ន្ទទី ៩ ខែមីនា ឆ្នាំ២០២០ នៅទីតាំងមួយចំនួន៕