Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញទឹកក្រូច ហួសកាលបរិច្ឆេទ ដាក់តាំងលក់នៅផ្សារគីឡីពីរ ក្នុងសង្កាត់ស្ទឹងត្រែង មន្រ្តីកាំកុងត្រូលខេត្ត ដកហូតយកមករក្សាទុកដុតកំទេចចោល

09-03-2020 12:52

(ស្ទឹងត្រែង)៖ ដោយមានការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំកុងត្រូលនៅគ្រប់សាខាទូទាំងប្រទេស បន្តយុទ្ធនាការ ចុះពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានលោក គឹម ប្រុស ជាប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរក្រុង បានចុះត្រួតពិនិត្យទំនិញ នៅផ្សារគីឡូពីរ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកប្រធានសាខា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារគីឡូពីរនេះ ក្រុមការងារជំនាញកាំកុងត្រូលរបស់លោក បានរកឃើញ និងដកនូវទំនិញហួស កាលបរិច្ឆេទ ប្រើប្រាស់មាន ៖ ទឹកក្រូចfanta=6ដប=3kgs ទឹកក្រូចដបធំcocacola=2ដប=4kgs សរុបចំនួន7kgs យកមករក្សាទុក ដើម្បីកំទេចចោល នៅពេលក្រោយ តាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

បន្ទាប់មកមន្ត្រីជំនាញកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕