(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់បងប្អូនខ្មែរឥស្លាមថា ដោយសារសុខសន្តិភាព ទើបសមាហរណកម្មសាសនា គោរពប្រតិបត្តិសាសនាបានដោយសេរី ពិសេសឥស្លាមសាសនា ដោយជាក់ស្តែងតាមរយៈ ការចូលរួមរបស់សម្តេចតេជោនាពេលកន្លងមក។
ថ្លែងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម អាល់អ៊ីមាំអាពីហាសាន់អើសអារី ដែលស្ថិតនៅក្នុងភូមិប្រាំដំឡឹង ឃុំ ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានធ្វើសន្និសីទសារព័ត៌មានអំពីការកើតឡើងជំងឺ covid -19 ទៅលើបុរសម្នាក់នៅ ខេត្តសៀមរាប ដែលបច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការព្យាបាល ហើយរាជរដ្ឋាភិបាល ក៏នឹងកំពុងបង្ការ ទប់ស្កាត់មិនឱ្យជំងឺនេះឆ្លងរាលដាល បានបន្តទៀត។
លោកអភិបាលខេត្ត ឲ្យដឹងថា ដោយការកសាងវិហារថ្មីសម្រាប់បងប្អូន ឥស្លាមគោរពប្រតិបត្តិតាមប្រពៃណីសាសនានេះដែរ ក៏មានខាងសប្បុរសជននានាក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ ផងដែរ ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សរុបថវិកា នៃការកសាងទាំងអស់មិនតិចជាង ១៥ម៉ឺនដុល្លារនោះឡើយ ដែលវិហារថ្មី នេះជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមវិហារចំនួន ១៣១វិហារ និង សារ៉ាវ មានចំនួនរហូតដល់ ២៤៧សារ៉ាវ ទូទាំងខេត្តត្បូងឃ្មុំ សម្រាប់បងប្អូនគោរពប្រតិបត្តិឥស្លាមសាសនា។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោកជា សុផារ៉ា ដែលមានទឹកចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកាចំនួន ៣០លានរៀល ជួយកសាង សមិទ្ធផលក្នុងវិហារបន្ថែមទៀត ក៏ដូចជា ចែកជូនថវិការដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ។
លោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើង មានបងប្អូនប្រជាពលរដ្ឋកាន់សាសនាច្រើន ក៏ពិតមែន ប៉ុន្តែយើងរស់នៅដោយសុខសន្តិភាពជាមួយគ្នាមិនមានបញ្ហាវិវាទ អ្វី កើតឡើងនោះទេ ទាំងនេះគឺដោយសារ ការការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យសមាហរណកម្ម ពាក់ព័ន្ធជាមួយនឹងវិស័យសាសនានេះ ឱ្យបានល្អប្រសើរ។
លោក អភិបាលខេត្ត ក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ សូមចូលរួមធ្វើ អនាម័យទាំងអស់គ្នាឱ្យបានញឹកញាប់ ដោយធ្វើការលាងដៃនឹងសាប៊ូជាប្រចាំ រាល់ពេលមុននិងក្រោយញ៉ាំអាហារ និង ចាប់កាន់វត្ថុកខ្វក់ ត្រូវប្រើប្រាស់ទឹកស្អាត ហូបស្អាត ឱ្យបានជាប់ជាប្រចាំ ។ហើយមួយវិញទៀតត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវរាល់ពេលបើកបរ ដើម្បី សុខសុវត្ថិភាព ខ្លួនឯងនិងអ្នកដទៃផងដែរ៕