(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង បានបន្ដចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅតាមចំណតរថយន្ដក្រុង និងបិទផ្ទាំងផ្សព្វផ្សាយពីវិធានការ ការពារជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស (កូវីដ-១៩) នៅតាមចំណតរថយន្ដ និងបិទលើរថយន្ដក្រុងផងដែរ ស្ថិតនៅរង្វង់មូល ជ្រោយចង្វារត្រើយខាងកើត។

លោក ងី មានហេង បានថ្លែងថា «មកទល់នឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ មានពលរដ្ឋកម្ពុជាយើងតែម្នាក់ប៉ុណ្ណោះ ឆ្លងវីរុស កូវីដ-១៩ ពីជនជាតិជប៉ុន ហើយក៏កំពុងទទួលបានពិនិត្យព្យាបាល និងថែទាំពីក្រុមគ្រូពេទ្យយើងនៅខេត្តសៀមរាបផងដែរ»

ក្នុងឱកាសនេះ ក៏សូមប្រជាពលរដ្ឋ ទុកចិត្ដលើក្រសួងសុខាភិបាល នឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងរួមគ្នាជាមួយអង្គការដៃគូជាតិ-អន្ដរជាតិ ដើម្បីផ្ដល់ភាពសុក្រិតក្នុងការពិនិត្យសុខភាព។

លោកបណ្ឌិត ងី មានហេង បានថ្លែងបន្ដថា «ដើម្បីកុំឱ្យវីរុសប្រភេទថ្មី កើតមានលើប្រជាពលរដ្ឋកម្ពុជាយើង គឺយើងទាំងអស់ ទាំងមន្ដ្រី អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវសាមគ្គីគ្នា ជួយផ្សព្វផ្សាយសារអប់រំសុខភាព ពីវិធានការពារដែលក្រសួងបានដាក់ចេញ ទាំងការថែរក្សាអនាម័យ និងកុំចេញទៅប្រទេសណា ដែលកំពុងតែមានការផ្ទុះនូវវីរុសនេះ»

លើសពីនោះ ត្រូវអនុវត្ដនូវវិធានការដូចជា៖

*ទី១ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ
*ទី២ ៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់
*ទី៣ ៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
*ទី៤ ៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត
*ទី៥ ៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់
*ទី៦ ៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)
*ទី៧ ៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង
*ទី៨ ៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។

សូមជម្រាបថា ជុំវិញករណីជនជាតិកម្ពុជាម្នាក់អាយុ៣៨ឆ្នាំ ផ្ទុកមេរោគ Covid-19 ដែលឆ្លងពីជនជាតិជប៉ុនកន្លងមកនេះ, លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រុមគ្រូពេទ្យរបស់លោកមានជំនឿក្នុងព្យាបាលបុរសម្នាក់ជនជាតិខ្មែរ ដែលផ្ទុកមេរោគនេះ ឲ្យជាសះស្បើយ ក្រោយពីមានបទពិសោធន៍ព្យាបាលបុរសជនជាតិចិននាលពេលកន្លងមក៕