(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសនេះ បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។
ការផ្តល់ដំណោះស្រាយរបស់រដ្ឋាភិបាលចិន នឹងជួយទប់ស្កាត់ដល់ការផ្អាកសកម្មភាពរបស់រោងចក្រនៅកម្ពុជា និងជំរុញឱ្យរោងចក្រមួយចំនួនដែលបានផ្អាកសកម្មភាពរួចហើយនោះ អាចមានដំណើរការឡើងវិញ ធ្វើឱ្យកម្មករដែលបាត់បង់ការងារ ឬបម្រុងនឹងបាត់បង់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួនតទៅទៀត។
ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា នឹងមកដល់កំពង់ផែកម្ពុជា នៅថ្ងៃនេះ ហើយជើងទី២ នឹងមកដល់នៅថ្ងៃស្អែក ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមជូនជាព័ត៌មានដ៏រីករាយ សម្រាប់កម្មករ កម្មការិនីរបស់កម្ពុជា មិត្តចិនបានរៀបចំនាវាចំនួន៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យរោងចក្រ ថ្ងៃនេះចាប់ផ្តើមចូលជើងទី១ ស្អែកចូលជើងទី២ (៧គ្រឿងនេះ ៥គ្រឿងចូលនៅកំពង់សោម ២គ្រឿងចូលនៅហូជីមីង ហេតុអ្វីត្រូវចូលនៅហូជីមីង ដោយសារតែអ្នកដែលត្រូវផលិតនៅស្វាយរៀង ដឹកពីហូជីមីងមកវាជិតជាង»។
បើតាមការផ្តល់ព័ត៌មានរបស់មិត្តចិន នាវា៧គ្រឿងនេះ មិនមែនដឹកវត្ថុធាតុដើមមកផ្តល់ជូនកម្ពុជា តែត្រឹមខែមីនា ឆ្នាំ២០២០នោះទេ គឺបន្តដឹករហូតដល់ខែឧសភា ហើយរហូតដល់សភាពការណ៍ធូរស្រាលជាប្រក្រតដីឡើងវិញ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់រោងចក្រ សហគ្រាស កុំឆ្លៀតឱកាសព្យួរការងារ ហើយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ។ សម្តេចបញ្ជាក់ថា ចំណុចនេះដាច់ខាតមិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាកឡើយហើយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញប្រកាសរួចហើយដែរ៕