(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់តូបលក់ទូរសព្ទដៃមួយកន្លែង លួចយកអស់ទូរស័ព្ទដៃជាច្រើនគ្រឿង និងសម្ភារមួយចំនួន តែក្រោយគេចខ្លួនបាត់បានមួយថ្ងៃ ត្រូវបាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល តាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះថា ជនសង្ស័យបានលួចនៅយប់រំលងអធ្រាត្រឈានថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ សេម វឹត អាយុ៣៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងដកហូតវត្ថុតាងបានជាច្រើនផងដែរ។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ ជនរងគ្រោះបានបិតទ្វារតូបឈប់លក់ ២ថ្ងៃ ដោយទៅធ្វើខួបកំណើតឲ្យកូននៅផ្ទះ ខាងម្តាយនៅផ្លូវជាតិលេខ៣ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង ៦៖៣០នាទីព្រឹក ទើបបង្កើតឈ្មោះ ក្រាញ់ វាសនា បានទូរស័ព្ទប្រាប់ថា ចោរគាស់តូបឥវ៉ាន់អស់ហើយ។ ឮដូច្នេះទើបជនរងគ្រោះជិះម៉ូតូមកមើលឃើញ មានស្នាមរហែកជញ្ជាំងស័ង្កសី និងទូរស័ព្ទ និងសំភារៈលួចឥវ៉ាន់មួយចំនួន ទើបជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹងភ្លាមៗតែម្តង។
ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ នគរបាលអធិការដ្ឋានស្រុកអង្គស្នួល រួមទាំងកម្លាំងប៉ុស្តិ៍បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ ខាងលើបានតែម្ដងក្រោយពីជនសង្ស័យលួចបានមួយថ្ងៃតែប៉ុណ្ណោះ។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា ជនសង្ស័យខាងលើបានសារភាពរថា ខ្លួនពិតជាបានគាស់ហែកជញ្ជាំងតូបលក់ទូរស័ព្ទហើយលួចពិតប្រកដមែន ហើយរូបគេក៏ទុកទូរស័ព្ទម៉ាក
សាំសុង១គ្រឿងប្រើ រីឯកុំព្យូទ័រ និងម៉ាស៊ីនខ្លួន យកទៅលក់នៅផ្សារកំពង់ស្ពឺបាន ២០ដុល្លារ ហើយទូរស័ព្ទចុចពិល ២គ្រឿង លក់នៅម្តុំចោមចៅបានលុយ ២ម៉ឺនរៀល។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕