(ភ្នំពេញ)៖ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការធិការ ក្រសួងអភិវឌ្ឈន៍ជនបទ បានសំដែងការសប្បាយចិត្ត និងត្រេកអរជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញ ដល់សាសនិកឥស្លាម ពិសេសបានលើកកម្ពស់សមភាពយេនឌ័រ ឱ្យស្មើរមុខស្មើរមាត់ក្នុងសង្គម ដោយបានផ្ដល់ឱកាសយ៉ាងច្រើនដល់ស្ត្រីទាំងការងារលើវិស័យឯកជន ព្រមទាំងការងារក្នុងវិស័យរដ្ឋផងដែរ។
ផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News នាថ្ងៃទី៨ ខែ មីនា លោកស្រីម៉ាត់ ម៉ារ៉ា បានសង្កត់ធ្ងន់ លើពាក្យស្លោកមួយឃ្លាថា «ស្ត្រីជាអ្នកការទូតដ៍សំខាន់ក្នុងការនាំមកនូវសុខសន្តិភាព ការរីកចំរើនក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល» ដែលពាក្យស្លោកនេះ ពិតជាឆ្លុះបញ្ចាំងធាតុពិតនៃសង្គមមនុស្សយើងបច្ចុប្បន្ន មិនថានៅប្រទេសណាទេ គឺស្ត្រីពិតជាដើរតួរនាទីសំខាន់ខ្លាំងណាស់ទាំងក្នុងរង្វង់គ្រួសារ និងសង្គមជាតិ ខណៈពាក្យស្លោកមួយចំនួនទៀតបានលើកឡើងថា «បើស្ត្រីកើតទុក្ខ នោះគ្រួសារទាំងមូលក៍មិនសប្បាយចិត្ត» ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញពាក្យស្លោកមួយឃ្លាដែរ គឺ «មានសន្តិភាព មានសមភាពយេនឌ័រ»។
លោកស្រី ម៉ាត់ ម៉ារ៉ា បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ពេលក្លាយជាស្ត្រីមូស្លីម ពិតជាមានសំណាងខ្លាំងណាស់ ព្រោះសាសនាឥស្លាម បានលើកកម្ពស់សិទ្ធិស្ត្រីខ្ពង់ខ្ពស់ ខណៈការគាំពារទាំងឡាយត្រូវបានអនុវត្តន៍ក្នុងសាសនាឥស្លាមយ៉ាងល្អឥតខ្ចោះ។
លោកស្រី ម៉ាត់ ម៉ារ៉ា ក៏បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះយើងឃើញថាស្ត្រីមូស្លីមយើងទទួលបានឱកាសច្រើនណាស់ ពីការបើកទូលាយ របស់រដ្ឋាភិបាលកម្ពុជា ខណៈទាំងនេះជាគុណូបការៈដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ជូន សាសនិកឥស្លាម ដែលនេះជាគុណដ៏ថ្លៃថ្លាបំផុតពីប្រមុខរដ្ឋាភិបាល ដែលបានបើកឱកាសឱ្យស្ត្រីមូស្លីម ចូលរួមលើគ្រប់វិស័យបូករួមទាំងសេដ្ឋកិច្ច អប់រំ នយោបាយ ធ្វើការងារសង្គម ការងាររដ្ឋ ការងារក្នុងវិស័យឯកជន ព្រមទាំងមានភាពងាយស្រួលក្នុងការអនុវត្តន៍នូវការស្លៀកពាក់បែបសាសនាឥស្លាម យ៉ាងល្អផូរផង់ផងដែរ។
ចំពោះស្ត្រីមូស្លីមបច្ចុប្បន្ននេះដែរ លោកស្រី ម៉ាត់ ម៉ារ៉ា ក៏បានថ្លែងកោតសរសើរផងដែរ ដែលស្ត្រីមូស្លីមបច្ចុប្បន្ន រក្សាបាននូវកិត្តិយស អាកប្បកិរិយា ព្រមទាំងសិលធម៍បានល្អ ហើយទន្ទឹមនឹងបច្ចេកវិទ្យាមានការរីកចំរើន គេក៍ឃើញស្ត្រីមូស្លីមជាច្រើន បានប្រកាន់ខ្ចាប់នូវកាយវិការសិលធម៍ល្អ ក្នុងការលក់ឥវ៉ាន់លើបណ្ដាញសង្គម ដោយរក្សាបាននូវការស្លៀកពាក់បែបថ្លៃថ្នូរ ហើយនេះក៏ស្របតាមការចង់បានរបស់រាជរដ្ឋាបាលកម្ពុជាផងដែរ ដែលតម្រូវឲ្យអ្នកលក់ទំនិញលើបណ្ដាញសង្គមទាំងអស់ មានការស្លៀកពាក់ឱ្យបានថ្លៃថ្នូរ ។
ទន្ទឹមនឹងសារនេះផងដែរ លោកស្រី ម៉ាត់ ម៉ារ៉ា ព្រមទាំងយុវតីឈ្មោះ ណាស៊ីរ៉ោះ, យុវតី រ៉ូហានី, យុវតី អៃសះ,យុវតី សលីហាស់ ព្រមទាំងបណ្ដាយុវតីមូស្លីមជាច្រើននាក់ផ្សេងទៀត បានថ្លែងសារដូចៗ គ្នានូវការដឹងគុណ ព្រមទាំងថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអាណិតអាសូរ ផ្ដល់ក្ដីមេត្តាករុណាមកដល់សាសនិកឥស្លាមកម្ពុជា ពិសេសបានលើកកម្ពស់សមភាពយេនឌ័រ ឱ្យមានតម្លៃស្មើរមុខស្មើរមាត់ក្នុងសង្គម ដែលនេះជាគុណូបការៈដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លា មានតម្លៃដែលមិនអាចកាត់ថ្លៃបាន និងសុំពីអល់ឡោះជាម្ចាស់ ប្រោសប្រទានដល់សម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ ពរជ័យសិរីសួស្ដី សុខសុភមង្គល បរមសុខគ្រប់ប្រការ , អាយុយ៉ឺនយូរ មានសុខភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយ ព្រមទាំងសម្រេចបាននូវរាល់កិច្ចការទាំងឡាយផងដែរ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តន៍នូវគោលនយោបាយ សុខដុមនីយកម្មសាសនា បានល្អប្រសើរបំផុត ខណៈដែលនៅកម្ពុជា ពុំមានជម្លោះសាសនាណាមួយឡើយ ពិសេសគ្រប់សាសនិកទាំងអស់ រស់នៅប្រកបដោយការសប្បាយចិត្ត រីករាយឥតឧបមា អនុវត្តន៍ពេញលេញនូវសិទ្ធិសេរីភាពនៃជំនឿរបស់ខ្លួន ខណៈកម្ពុជាបច្ចុប្បន្ន ស្គាល់តែការរីកចំរើន សុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍តទៅមុខជានិរន្តន៍៕