(កំពង់ចាម)៖ ដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ ជាក់ស្តែងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ លោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧកញ៉ា ជា លាងហុង និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន ខេ អ៊ី ភី ព្រមទាំងសប្បុរសជនជិតឆ្ងាយក្នុងស្រុក និងក្រៅស្រុក ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ ព្រះសង្ឈ បានអញ្ជើញដាក់សម្ពោធឆ្លងឲ្យប្រើប្រាស់កុដ្ឋ០១ខ្នង ៦បន្ទប់ កម្ពស់ ២ជាន់ តម្លៃជិត ៣ម៉ឺនដុល្លារ។
កុដ្ឋមួយខ្នងនេះជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈឧត្តមសេនីយ ហ៊ុន ម៉ាណែត ដែលជាសមិទ្ធិផលថ្មីៗមួយទៀត បានលេចចេញរូបរាង ស្ថិតក្នុងបរិវេណវត្តបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងអំពីរបាយការណ៍ នៃការសាងសង់មានឧបដ្ឋានសាលាតម្លៃ ១២៧៥០០ដុល្លារ កុដ្ឋ ២៨៦០០ដុល្លារ ក្លោងទ្វារ២៧៥០០ដុល្លារ ក្លោងទ្វារមុខ ព្រះវិហារ ២៣២០០ដុល្លារ របង២៧ផ្ទាំង ស្មើនឹង ១០៨០០ដុល្លារ របងខ្សែទី២ ចំនួន ៣០ផ្ទាំងស្មើនឹង ៣៧៥០ដុល្លារ ចាក់បេតុងក្រាលសាបក្នុងវត្ត៣៥០០ដុល្លារ ចាក់ដីក្នុងវត្ត ៦៥០០ដុល្លារ រោងទូកង៣៧៥០ដុល្លារ រូបហង្ស២៥០០ដុល្លារ រូបដំរីមួយគូ១៥០០ដុល្លារ សរុបការកសាងក្នុងវត្តបឹងទីងប្រមាណ២៣៩១០០ដុល្លារ។
លោកឧកញ៉ា ជា លាងហុង និងលោក អ៊ែល សារ៉ុម បានលើកឡើងថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើង ពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជា ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម កុដ្ឋឧបដ្ឋានសាលា អណ្តូងទឹក សាលាឃុំ មន្ទីរបក្ស ប៉ុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងឃុំទងត្រឡាចផងដែរ។
ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព» ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើឲ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
ជាចុងក្រោយលោក ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។
អំណោយរបស់សម្តេចតេជោ តាមរយៈឧត្តមសេនីយ ហ៊ុន ម៉ាណែត និងសប្បុរសជនជិតឆ្ងាយ រួមមាន ប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុងម្នាក់០១ ប្រជាការពារ១៨នាក់ ទទួលបានឯកសណ្ឋាន០១ម្នាក់ ០១កំប្លេ សរុបការចំណាយក្នុងពិធីសម្ពោធសមិទ្ធិផលកុដ្តិក្នុងវត្តបឹងទីងប្រមាណ ៧០៥០ដុល្លារ។
នាថ្ងៃដដែលនេះដែរលោក ឡូវ ហ៊ឹង និងក្រុមការងារបាននាំយកនូវគ្រឿងភេសជ្ជៈចំនួនប្រមាណ ២១កេស ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនា ផ្លូវលំ០១ខែ្សរប្រវែង៧០០០ម៉ែត្រ ស្ថិតឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕