(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានថ្លែងជំរុញឱ្យចលនាយុវជន យុវនារី សិស្សានុសិស្ស ក្នុងវិទ្យាល័យទាំងបួននៃស្រុកកោះធំ ចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញយ៉ាងដូចនេះនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អាងហែលទឹកស្ថិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល ដែលរហូតមកទល់ពេលនេះ សម្រេចការសាងសង់បាន១០០ភាគរយហើយ។
កម្មវិធីនេះមានការចូលរួមពីលោក លោកស្រី សមាជិកសមាជិកាក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុក-ឃុំ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជនស្រុក-ឃុំ លោកគ្រូអ្នកគ្រូនាយក នាយករង លោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកីឡា និងកីឡាករ កីឡាការិនីហែលទឹកមកពីរាជធានីភ្នំពេញសរុបទាំងអស់ប្រមាណ ២០០នាក់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ពីដើមឡើយកីឡដ្ឋានស្រុកកោះធំនេះ ជាដីលិចទឹកតែប៉ុណ្ណោះ ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យរួបរួមសហការ សាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព និងការពារ បូរណភាពទឹកឲ្យបាន។ លោកក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ របស់ស្រុកកោះធំរួមមាន ផ្លូវកៅស៊ូ ស្ពានឆ្លងទន្លេបាសាក់ ផ្លូវបេតុងខ្វាត់ខ្វែងឆ្លងកាត់ពីឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយស្ទើរតែទាំងអស់ ប្រឡាយទឹក អណ្ដូងទឹក និងសាលារៀនជាដើម។
ឆ្លៀតក្នុងឱកាសនេះផងដែរ នៅក្នុងឱកាសទិវាសិទ្ធិនារី៨មីនា លើកទី១០៩នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះស្ត្រីក្រោមពាក្យខ្មែរថា មេដៃ មេជើង មេគយ មេជាង និងមេឃុំជាដើម ដែលបង្ហាញពីសារសំខាន់នៃតួនាទីរបស់ស្ត្រីនៅក្នុងសង្គម៕