(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា បានថ្លែងថា នៅក្នុងបដិវត្តន៍នៃឧស្សាហកម្ម 4.0 បើមើលលើកាវិវត្តន៍នៃការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូវនិច ចាប់ពីឆ្នាំ២០២០នេះតទៅអាជីវកម្មខ្នាតតូច និងមធ្យមផ្សេងៗបែបប្រពៃណីអាចនឹងត្រូវរលត់បាត់ ដោយផ្លាស់ប្តូរមកវិញដោយអ្នករកស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ហើយចាប់ពីឆ្នាំ២០២០នេះតទៅ អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិច នឹងមានឱកាសក្លាយជាអ្នកមានច្រើនជាងគេបំផុត បើការរកស៊ីនោះបានត្រឹមត្រូវស្របច្បាប់។
លោកសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធី ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច E-COMMERCE ដែលបានរៀបចំឡើងដោយ E-ZONE TRADING PLC នៅ ដឺ ព្រេមៀ សែនធ័រ សែនសុន និងដោយមានការចូលរួមពីលោក ឈុន ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-ZONE TRADING PLC រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរួមទៀតផងដែរ។
លោកសមូហកបណ្ឌិត ឡី សុភាព បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលក៏បានគាំទ្រ នូវការរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិចនេះផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្របពេលដែលច្បាប់មិនទាន់បានពង្រឹង ក៏មានជនឧក្រិតប្រព្រឹត្តបទល្មើសមួយចំនួន បានឆ្លៀតឱកាសធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ ដើម្បីបោកប្រាស់ផងដែរ ដែលបានធ្វើឱ្យខូចឈ្មោះដល់ក្រុមហ៊ុនរបស់គេដែលល្អ ដូចនេះហើយអ្នកដែលរកស៊ីជាមួយក្រុមហ៊ុន ដែលត្រឹមត្រូវស្របច្បាប់ជាឱកាសដែលល្អបំផុត។
លោកបានបញ្ជាក់ទៀតថា ការរកស៊ីដែលស្របច្បាប់ ចំណាយលុយតិចជាងលុយក្រោមតុដែលមិនគោរពច្បាប់ ហើយអាចរកស៊ីដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ព្រោះក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវដោយមានក្រសួងពាក់ព័ន្ធបានទទួលស្គាល់ ខុសពីការរកស៊ីដែលមិនស្របច្បាប់។ លោកក៏បានជំរុញឱ្យអ្នកដែលចង់រកស៊ីតាម ប្រព័ន្ធអេឡិចនេះ ត្រូវពាក្យស្នើសុំឱ្យបានត្រឹមត្រូវដើម្បីឱ្យក្រសួងពាក់ព័ន្ធបានដឹង និងបានចេញវិញ្ញាបនបត្រជូន ដើម្បីបានរកស៊ីដោយស្របច្បាប់និងជាការរួមគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឱ្យបានដើរទាន់សម័យឌីជីថលពាណិជ្ជកម្មតាប្រព័ន្ធអេឡិចត្រូនិច និងចូលរួមប្រយុទ្ធប្រឆាំងទំនិញ ក្លែងក្លាយទាំងអស់គ្នាផងដែរ។
លោក ឈុន ដារ៉ា បានឱ្យដឹងដែរថា ក្រុមហ៊ុន E-ZONE TRADING PLC ជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងដោយកូនខ្មែរ ដោយបានផ្តោតសំខាន់ទៅលើវិស័យ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយបច្ចុប្បន្ននេះបានដាក់ឱ្យដំណើរការនូវ Website និង App ទិញ-លក់ទំនិញ តាមប្រព័ន្ធ online ដែលមានសេវាកម្មទិញទំនិញ តាមប្រព័ន្ធonline ទូទាត់សាច់ប្រាក់តាមប្រព័ន្ធគណនី online ការដឹកជញ្ជូន និងសេវាទិញទំនិញក្រៅប្រទេសជាច្រើន ក្នុងនោះដែរក៏មានសេវាកម្ម ឱ្យម្ចាស់អាជីវកម្ម ដាក់លក់ទំនិញតាមប្រព័ន្ធOnline ដោយមិនគិតថ្លៃ នៅលើwebsiteក្រុមហ៊ុន ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗផងដែរ។
លោកបានបញ្ជាក់ទៀតថា E-ZONE TRADING PLC ក៏មានគោលបំណងក្នុងការជំរុញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ឱ្យមានការដាក់លក់នៅលើ Website និង App របស់ក្រុមហ៊ុន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិជន និងម្ចាស់អាជីវកម្ម បានជួបគ្នានៅលើwebsite តែមួយ ដែលមានភាពងាយស្រួលក្នុងការរកទិញទំនិញទាំង ក្នុងប្រទេសនិងក្រៅប្រទេស។ នៅថ្ងៃខាងមុខ E-ZONE និងធ្វើកិច្ចសហប្រតិបត្តិការជាមួយម្ចាស់ផលិតកម្ម អាជីវកម្ម និងពាណិជ្ជករ និងកសិករ ដែលចង់ដាក់លក់ ផលិតផលរបស់ខ្លួន គឺអាចដាក់លក់បានផងដែរ។
ជាមួយគ្នានោះផងដែរលោក ឈុន ដារ៉ា ក៏បានជំរុញឱ្យអាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ ដែលចង់ដាក់លក់ផលិតផលដែលបានផលចំណេញច្រើន សូមសហការ ជាមួយក្រុមហ៊ុន E-ZONE ដែលរីករាយនឹងសហការរួមគ្នាដើម្បីជំរុញការលក់ផលិតផលនៅក្នុងប្រទរសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនផងដែរ៕