(ភ្នំពេញ)៖ យ៉ាងហោចណាស់មានសាលារដ្ឋ និងឯកជនចំនួន១១០កន្លែង ចាប់តាំងពីថ្នាក់មតេយ្យ រហូតដល់ឧត្តមសិក្សា នៅក្នុងទីរួមខេត្តសៀមរាប ត្រូវបានបិទទ្ធារជាបណ្តោះអាសន្ន បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំម្នាក់ នៅក្នុងខេត្តទេសចរណ៍វប្បធម៌មួយនេះ។
របាយការណ៍របស់អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា ក្នុងចំណោមសាលា១១០កន្លែងនោះ មានសាលាឯកជន ៧៧កន្លែង (សាលាមតេយ្យ៥០កន្លែង) សាលាបឋមសិក្សា៥១កន្លែង សាលាមធ្យមសិក្សា២៣កន្លែង វិទ្យាល័យចំ នួន៧ វិទ្យាស្ថានចំនួន៣ និងសាកលវិទ្យាល័យចំនួន៦ផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះថា សម្រាប់ សាលារៀន នៅក្នុងទីប្រជុំជនក្នុងខេត្តសៀមរាប ដែលត្រូវបានបិទជាបណ្តោះអាសន្នទាំងរដ្ឋ និងឯកជន គឺមានចំនួន១១០សាលា មានចាប់ពីសាលាថ្នាក់មតេយ្យរហូតដល់សាលា ឧត្តមសិក្សា ដែលនេះគឺជាវិធានការបង្ការ ក្នុងការការពារការឆ្លងមេរោគកូវីដ-១៩។
លោកអភិបាលបានស្នើសុំការអធ្យាស្រ័យពីសំណាក់មាតាបិតាសិស្ស ជាពិសសេសិស្សានុសិស្សដែលត្រៀមប្រឡងផងដែរ។ ក្នុងដំណាក់កាលនេះ លោកក៏បានអំពាវនាវឱ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រនៅតាមផ្ទះបន្ថែមទៀត ជំនួសឱ្យការរៀននៅសាលាមួយរយៈ។
សូមបញ្ជាក់ថា កម្ពុជាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានប្រកាសអំពីការរកឃើញជំងឺកូវីត១៩ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។ អ្នកជំងឺកូវីត១០នេះ បានធ្វើការស្និទ្ធជាមួយនឹងជនជាតិជប៉ុនដែលឆ្លងមេរោគកូវីត១៩ ដែលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ បុរសជនជាតិខ្មែររូបនេះ ត្រូវបានព្យាបាល និងដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេ ខណៈដែលក្រសួងសុខាភិបាល ក៏បានធ្វើតេស្តទៅលើសមាជិកគ្រួសាររបស់គាត់៣នាក់ទៀត ប៉ុន្តែមិនមានមេរោគកូវីតឡើយ។
ជាមួយនឹងវត្តមានជំងឺកូវីតនៅលើជនជាតិខ្មែរលើកដំបូង ដែលត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាបនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដោយសម្រេចបិទសាលារៀននៅទីរួមខេត្តសៀមរាប ជាបណ្តោះអាសន្ន និងលុបចោលអង្គរសង្រ្កាន្តឆ្នាំ២០២០ផងដែរ។
ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងនោះមានការអំពាវនាវឱ្យពាក់ម៉ាសនៅពេលចាំបាច់ និងត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ដើម្បីការពារមេរោគកូវីត៕