(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រួមជាមួយនឹងអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ អគារសម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកគឹមសួរ ភីរុណ បានមានប្រសាសន៍ថា មន្ទីរពេទ្យកំពង់ចាម បានរៀបចំបន្ទប់សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែកចំនួន៥បន្ទប់ មានសំភារៈសង្គ្រោះ និងភារៈ PPE ដែលផ្តល់ពីក្រសួងសុខាភិបាល និងបានបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូពេទ្យចំនួន៣០នាក់ នៅក្នុងមន្ទីរពេទ្យសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីបង្ការការពារជំងឺផ្លូវដង្ហើម ដែលបណ្តាលមកពីកូរ៉ូណាវីរុស។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូពេទ្យកុំឱ្យភយ័ខ្លាច នឹងជំងឺនេះពេក ព្រោះបានដឹងនូវវិធីការពារ និងព្យាបាលជំងឺនេះហើយ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋយើង ឱ្យបានកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងខេត្ត ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយសុខភាពដល់ប្រជាពលរដ្ឋឱ្យចេះអនាមយ័ការពារថែរក្សាសុខភាពរបស់គាត់ផងដែរ៕