(កណ្ដាល)៖ ក្រុមការងារចុះជួយស្រុកកោះធំ បានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍប្រទេសជាតិ។ នេះជាការថ្លែងលើកទឹកចិត្តស្ត្រី លោក សុះ សារី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ តំណាងលោក ចៅ តុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ដែលបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅឃុំព្រែកថ្មី ស្រុកកោះធំ។
ការសួរសុខទុក្ខខាងលើនេះ ធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្នុងនោះលោក សុះ សារី លើកឡើងទៀតថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសជាតិ ព្រោះស្ត្រីបានចូលរួមចំណែកយ៉ាងក្លៀវក្លា ក្នុងការជួយជ្រោមជ្រែងការងារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបានការងារយ៉ាងច្រើនក្នុងសង្គម។
លោក សុះ សារី បានបន្តថា ពិតណាស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់សិទ្ធិស្ត្រីកម្ពុជា ឲ្យមានស្មើគ្នានឹងបុរសដែរ ខណៈដែលតំណែងល្អៗជាច្រើន ដែលស្ត្រីកំពុងមានក្នុងជួររាជរដ្ឋាភិបាល ព្រមថ្នាក់មូលដ្ឋានក៏មានច្រើនផងដែរ។
លោកថា កាលជំនាន់ ប៉ុល ពត ស្ត្រីគ្មានសិទ្ធិអ្វីទេ គេឲ្យរៀបការជាមួយនរណាស្រេចតែចិត្តគេ ប៉ុន្តែបច្ចុប្បន្ននេះវិញ ស្ត្រីមានសិទ្ធិជ្រើសរើសគូស្រករណាម្នាក់ដែលគាត់ពេញចិត្ត។
ក្នុងកម្មវិធីនេះ ពលរដ្ឋដែលបានចូលរួមកម្មវិធីនេះអ្នកស្រី គន្ធា បានសម្ដែងការសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងដែលបានឃើញក្រុមការងារចុះជួយស្រុកកោះធំ បានមកលើកទឹកចិត្តពួកគាត់ និងបានផ្ដល់អនុសាសន៍ជ្រោមជ្រែងពួកគាត់យ៉ាងច្រើន ក្នុងការប្រើប្រាស់សិទ្ធិឲ្យបានល្អប្រសើរ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិស្ត្រីឲ្យមានសិទ្ធិយ៉ាងពេញលេញក្នុងសង្គម ពិសេសក៏បានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់បណ្ដាស្ត្រីផងដែរ ខណៈនៅតាមបណ្ដាក្រសួងមន្ទីរនានា រាប់ចាប់តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត-រាជធានី ក៏មានស្ត្រីមានតំណែងក្នុងជួរដឹកនាំផងដែរ៕