(ភ្នំពេញ)៖ លោកបណ្ឌិត ចែម វីឌ៉្យា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងភរិយា កាលពីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងរាត្រីសមោសរ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដល់ សាលាបារាំងមជ្ឈិមបូព៌ា (École Française d'Extrême-Orient-EFEO) ក្នុងការជួសជុល រូបបដិមាករ ព្រះឥសូរ មានកំពស់ ៥ ម៉ែត្រនៅប្រាសាទកោះកេរ្តិ៍។
រាត្រីនេះត្រូវបានរៀបចំឡើងដោយ ក្រុមឧសថរ-ឧសចការី GFC-PHARMA ដោយមានការចូលរួមផងដែរដោយ លោក Vincent ÉBLÉ ប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា-ឡាវ នៅព្រឹទ្ធសភាបារាំង និងភរិយា, លោក Christophe POTTIER និង លោក Éric BOURDONNEAU តំណាងឲ្យ EFEO ព្រមទាំងអ្នកចម្រៀងយុវវ័យកម្ពុជា Rappers ពេញនិយមនៅទីក្រុងប៉ារីស៍ និងបវរកញ្ញាកម្ពុជាឆ្នាំ២០២០ នៅប្រទេសបារាំងផងដែរ។
កម្មវិធីសមោសរនារាត្រីនោះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយប្រមូលបានទឹកប្រាក់ ៣ម៉ឺនអឺរ៉ូ ក្នុងនោះស្ថានទូតកម្ពុជា បានចូលរួមវិភាគទាន៣០០អឺរ៉ូផងដែរ៕