(ភ្នំពេញ)៖ ក្នុងគោលបំណងផ្ដល់ព័ត៌មានភ្ជាប់ជាមួយលេខទូរស័ព្ទ Hotline 115 របស់ក្រសួងសុខាភិបាល ដើម្បីផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរអន្តរជាតិ នៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីត១៩នោះ ក្រសួងទេសចរណ៍ បានស្នើទៅកាន់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចែកបណ្ណព័ត៌មានទេសចរណ៍ ដល់រាល់ភ្ញៀវទេសចរអន្តរជាតិ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
តាមរយៈលិខិតរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អនុវត្តតាមផែនការសកម្មភាពការងារទេសចរណ៍ អនុវត្តចំពោះមុខក្នុងដំណាក់កាលវិបត្តិកូរ៉ូណាថ្មី ២០២០-២០២១ ក្នុងនោះមានគោលដៅយុទ្ធសាស្ត្រទី១ ធ្វើឱ្យរូបភាពគោលដៅទេសចរណ៍កម្ពុជា «គោលដៅសុវត្ថិភាពកាន់តែប្រសើរឡើង» ក្រសួងទេសចរណ៍ បានរៀបចំប័ណ្ណព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ព័ត៌មានភ្ជាប់ជាមួយលេខទូរស័ព្ទ Hotline 115 របស់ក្រសួងសុខាភិបាល ដើម្បីជាផ្នែកមួយផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការចូលរួមមកដំណើរកំសាន្តនៅកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។
បន្ទាប់ពីរៀបរាប់ដូច្នេះហើយនោះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានស្នើសុំ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្តល់កិច្ចសហការ និងចែកជូនប័ណ្ណព័ត៌មានទេសចរណ៍នេះ ដល់រាល់ភ្ញៀវទេសចរអន្តរជាតិនាានា នៅតាមច្រកអន្តរជាតិ៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖