Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកឆែប រៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ»

08-03-2020 19:42

(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» ក្រោមអធិបតីភាព លោក សុក សាន្តតារា អភិបាលស្រុក, ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីអភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាព អាជីវករ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោក សុក សាន្តតារា បានលើកឡើងថា យុទ្ធនាការថ្ងៃទី៨មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាថ្ងៃរៀបចំយុទ្ធនាការទិវាអន្តរជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។

ជារៀងរាល់ឆ្នាំកម្ពុជារៀបចំឡើង ក្នុងគោលបំណងដើម្បីរំលឹកឡើងវិញនូវការតស៊ូរបស់វីរស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ មនុស្សធម៌នៅក្នុងសង្គម ដែលជាលទ្ធភាព ធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាព លើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអងអាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោក សុក សាន្តតារា បានថ្លែងបន្តទៀតថា សន្តិភាពគឺជាធាតុផំ្សដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារ នៃការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកបានបញ្ជាក់ថា នារីមានសិទ្ធិស្មើបុរស នារីក៏អាចធ្វើការដឹកនៅប្រទេសបានដែរ នៅក្នុងពិភពលោកក៏មាននារី ក្នុងនាមជាអ្នកដឹកនាំ ហេតុដូច្នេះយើងត្រូវឲ្យតម្លៃនារីជាស្រ្តីមាតាពិភពលោក៕