(ភ្នំពេញ)៖ លោក យ៉ូប អាស្ការី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះថា ថ្នាក់ដឹកនាំឥស្លាម និងគណៈកម្មការបានសម្រេចផ្អាក និងលើកការជួបជុំអ៊ីជទីម៉ាកនៅឯភូមិទ្រា ស្រុកឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃក្រោយវិញ ដោយសារព្រួយបារម្ភពីបញ្ហារីករាលដាលជំងឺ COVID-19។ លោកបានបញ្ជាក់បន្ថែមថា ការលើកពេលនេះ ពុំទាន់ច្បាស់ថា នឹងត្រូវកំណត់កាលបរិច្ឆេតពេលណានោះទេ។
លោកអនុរដ្ឋលេខាធិការ បានបន្តថា សូមបងប្អូនសាសនិកឥស្លាមកម្ពុជា មានការអធ្យាស្រ័យផង ដោយស្ថានភាពបច្ចុប្បន្ននៃការរាតត្បាតនៃ «វីរុសកូរ៉ូណា» នៅទូទាំងសាកលលោក ជាពិសេសមានចំនួន៩៧ប្រទេសហើយ បានទទួលរងគ្រោះនៃការឆ្លងរហូតដល់ ១០២,១៩៨ករណី ក្នុងនោះកម្ពុជាយើងមានម្នាក់ នៅខេត្តសៀមរាប ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកបណ្តោះអាសន្ន ការសិក្សាក្នុងទីរួមខេត្តសៀមរាប និងអង្គរសង្ក្រាន្តសៀមរាបផងដែរ។
ការជួបជុំបងប្អូនសាសនិកឥស្លាមបារព្វពិធីអ៊ីជទីម៉ាកប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយធម៌វិន័យឥស្លាម ដែលគ្រោងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បងប្អូនសាសនិកឥស្លាមប្រមាណ ៥ម៉ឺននាក់ ក្នុងនោះមានបរទេសមួយចំនួន នៅបរិវេណវិហារឥស្លាមភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ «ត្រូវបានលើកពេល» ដើម្បីចូលរួមជួយទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ចំពោះការរីករាលដាលជាយថាហេតុណាមួយ។ នេះបើតាមលោក អាស្ការី បញ្ជាក់បន្ថែម។
ទន្ទឹមនឹងសារនេះផងដែរ លោក យ៉ូប អាស្ការី ក៏ស្នើរឲ្យសាសនិកឥស្លាមមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ ហើយនាំគ្នាបួងសួងសុំពីអល់ឡោះជាម្ចាស់ សូមមេត្តាបញ្ចៀសយើង ក៏ដូចជាសង្គមជាតិទាំងមូល ចៀសផុតពីជម្ងឺរាតត្បាត វីរុសកូរ៉ូណា ដ៏កំណាចនេះផងដែរ។
ទន្ទឹមករណីនេះលោក ឡា ឡៃ ប្រធានគណៈកម្មការ ពុំបានឆ្លើយតបជាក់លាក់នោះទេ ដោយលោករុញឲ្យទៅសួរលោក សុគ្រី តំណាងគណៈកម្មការវិញ។
ឆ្លើយតបនឹងការសម្រេចផ្អាកកម្មវិធីជួបជុំខាងលើនេះ, លោក សុគ្រី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ខាងគណៈកម្មការយល់ស្រប តាមឆន្ទៈរបស់ក្រសួងដែលថ្នាក់លើ ប៉ុន្តែការជួបជុំនេះលោកពុំហ៊ានសន្មតថា នឹងគ្មានមនុស្សមកចូលរួមនោះទេ ព្រោះថាចិត្តបុគ្គលម្នាក់ៗបានតាំងចិត្តថា នឹងមកចូលរួមដោយមិនអាចហាមឃាត់គេនោះទេ ប៉ុន្តែលោកក៏សូមអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគ Covid-19 ដែលជាទីបារម្ភធំបំផុត។
លោកបានបន្តថា អ្វីដែលគួរឲ្យបារម្មណ៍ផងនោះគឺ ខាងគណៈកម្មការបានជំពាក់ថវិការគេប្រមាណជិត៥ម៉ឺនដុល្លារ ដើម្បីរៀបចំដំណើរការកម្មវិធីទាំងមូល ប៉ុន្តែកម្មវិធីសម្រេចត្រូវផ្អាក ដូច្នេះគណៈកម្មការចាំបាច់ត្រូវមានទំនួលខុសត្រូវសងលុយគេគ្រប់ចំនួនវិញ ដែលបញ្ហាធំនោះ គឺកម្មវិធីរំពឹងទៅលើការចូលរួម របស់ពលរដ្ឋយើង និងសង្ឃឹមទៅលើការជួយឧបត្ថម្ភផ្សេងៗ ប៉ុន្តែបើផ្អាកគឺស្មើនឹងគ្មានលុយ ដូច្នេះលោកក៏អំពាវនាវសប្បុរសជន មេត្តាជួយដោះស្រាយបញ្ហារបស់គណៈកម្មការផងដែរ។
សូមជំរាបថា ជារៀងរាល់ឆ្នាំអ្នកកាន់សាសនាឥស្លាមក្រុមតាប់លៀក តែងតែប្រមូលផ្ដុំគ្នានៅឯភូមិសាស្ត្រដូចជំរាបជូនខាងលើ ដែលមានសមាជិកចូលរួមរាប់ម៉ឺននាក់ ក្នុងនោះមានជាតិសាសន៍ដទៃជាច្រើនមកជួបជុំផងដែរ ខណៈឆ្នាំនេះគេគ្រោងនឹងចាប់ផ្ដើមជួបជុំម្ដងទៀតរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ ២០២០នេះ ប៉ុន្តែដោយសារតែស្ថានភាពនៃមេរោគ Covid-19 ជាក្ដីកង្វល់ធំ ទើបការជូបជុំនេះត្រូវបានលើកពេលវិញ ដោយពុំបានបញ្ជាក់ថា នឹងប្រារព្វនៅថ្ងៃណាវិញនោះទេ៕