(ភ្នំពេញ)៖ វប្បធម៌ចែករំលែក គឺជាវប្បធម៌ដ៏ល្អមួយរបស់ខ្មែរ ដែលប្រជាជនយើងតែងតែផ្តល់ឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅរួមចំណែក ធ្វើអំពើល្អក្នុងសង្គម និងជាសកម្មភាពសម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ ឲ្យចេះស្រលាញ់អ្នកដទៃផងដែរ។
ជាទូទៅ វប្បធម៌នៃការចែករំលែកនេះ ត្រូវបានបង្ហាញតាមរយៈវិធីផ្សេងៗគ្នា ដោយអ្នកចែករំលែកអាចផ្តល់ជាចំណេះដឹង លុយកាក់ សម្ភារៈ និងរបស់របរប្រើប្រាស់ជាដើម។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកប្រកបរបររត់ស៉ីក្លូចំនួន ២៨០នាក់ ដែលជាសមាជិកសមាគមអ្នកធាក់ស៉ីក្លូកម្ពុជា ទទួលបានអំណោយសប្បុរសធម៌ ពីសប្បុរសជនមួយរូបឈ្មោះថា ស្រីអូន។
ស្រីអូន បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលខ្លួនធ្វើកម្មវិធីមនុស្សធម៌ តាមរយៈការចែកអំណោយបែបនេះ។ លោកស្រី បានបន្តថា មូលហេតុនៃការជ្រើសយកថ្ងៃសិទ្ធិនារីអន្តរជាតិ ធ្វើជាថ្ងៃចែកអំណោយ ដោយសារថ្ងៃនេះជាថ្ងៃបុណ្យសកល ដែលខ្លួនចង់បង្កើតព្រឹត្តិការណ៍ធំមួយ គឺការចែករំលែកទាននេះតែម្តង ដើម្បីលើកស្ទួយវប្បធម៌ចែករំលែកឲ្យកាន់តែទូលំទូលាយ។
លោកស្រីមើលឃើញថា វប្បធម៌ចែករំលែករបស់ខ្មែរយើង រីកដុះដាលខ្លាំងមែនទែន ហើយនៅពេលដែលពលរដ្ឋគ្រប់រូប មានគំនិតចែករំលែកដូចគ្នានោះ ធ្វើឲ្យអ្នកដែលខ្វះខាត មានសេចក្តីសុខ និងសប្បាយរីករាយខ្លាំងណាស់។ ស្រីអូន ដែលជានាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ អះអាងថា ខ្លួនតែងបង្រៀនបុគ្គលិក ឲ្យប្រកាន់ខ្ជាប់ជានិច្ចនៅវប្បធម៌ចែករំលែក ព្រោះថាបើចង់ជោគជ័យ ត្រូវតែធ្វើអ្វីដើម្បីអ្នកដទៃ ពោលកុំគិតតែខ្លួនឯងខ្លាំងពេក។
លោកស្រីនាយិកា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅខាងសម្រស់ធម្មជាតិ គឺយើងមានវប្បធម៌ចែករំលែក។ នៅក្នុងវគ្គសិក្ខាសាលា ដែលខ្ញុំបង្រៀនពួកគាត់ទាំងអស់ ក៏ខ្ញុំមានបង្រៀនពីវប្បធម៌ចែករំលែកផងដែរ។ ខ្ញុំប្រាប់ពួកគាត់ថា បើអ្នកទាំងអស់គ្នាចង់ជោគជ័យ សូមកុំធ្វើដើម្បីតែខ្លួនឯង គឺធ្វើដើម្បីទាំងអស់គ្នា។ វប្បធម៌នេះ គឺខ្ញុំបញ្ជៀបក្នុងអារម្មណ៍ពួកគាត់»។
បើតាមស្រីអូន ការចែកអំណោយនេះ រួមមាន មុងអង្រឹង ក្រមា នំ មី និងកញ្ចប់ថវិកាមួយចំនួនផងដែរ ហើយមូលហេតុ ដែលមានដាក់មុងអង្រឹងនេះ ដោយសារកាលជួបអ្នករត់ស៉ីក្លូកាលពីលើកមុន ពួកគាត់បានសុំ ដោយសារសម្រាន្តរាល់យប់មូសខាំពេក។ ក្រៅពីថវិកាផ្ទាល់ខ្លួនមួយចំនួនធំនោះ សមាជិកនៃសម្រស់ធម្មជាតិ ក៏បានបរិច្ចាគថវិកាតាមសទ្ធារៀងៗខ្លួនផងដែរ។
លោកស្រីគូសបញ្ជាក់ថា លោកស្រីគឺជាមនុស្សកើតក្នុងគ្រួសារក្រីក្រ ហើយមិនបានរៀនសូត្រច្រើនទេ ទោះបីចង់រៀនក៏ដោយ។ កាលនៅពីក្មេង ខ្លួនតែងតែចង់បង្កើតកម្មវិធីមនុស្សធម៌ តាមរយៈការចែករំលែកអំណោយបែបនេះខ្លាំង ហើយមកដល់ពេល លោកស្រីថាក្តីសុបិន្តនោះ បានក្លាយជាការពិតហើយ៕