(ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ មានគម្រោងបង្កើតច្រកព្រំដែនជាមួយគ្នាមួយចំនួនទៀតទៅជាច្រកអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការដោះដូរទំនិញរវាងប្រទេសទាំងពីរ។ ក្នុងនោះច្រកព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ក៏ជាច្រកមួយស្ថិតក្នុងគម្រោងបង្កើតជាច្រកអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។
បច្ចុប្បន្នច្រកព្រំដែនមួយនេះ ជាច្រករបៀងមួយដែលបើកឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងចេញចូលបាន ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ បើទោះបីបច្ចុប្បន្នច្រកព្រំដែននេះជាច្រករបៀង ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ តែគេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការឆ្លងដែនចេញចូលគួរកត់សម្គាល់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរភាគច្រើនបានឆ្លងទៅទិញទំនិញផ្សេងៗពីផ្សាររបស់ថៃដែលស្ថិតនៅក្បែរព្រំដែនយកមកលក់ដូរ ឬប្រើប្រាស់ ដ្បិតថា ការធ្វើដំណើរចូលទៅថៃជិតជាងការធ្វើដំណើរទៅកាន់ទីផ្សារនៅទីរួមខេត្តពោធិ៍សាត់។
ក្រៅពីបម្រើដល់ការឆ្លងចេញសម្រាប់ការដោះដូរទំនិញបន្តិចបន្តួចហើយនោះ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំថ្មដា ឬក៏មកពីតំបន់ផ្សេងៗទៀតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប្រើច្រកព្រំដែនមួយនេះ សម្រាប់ទៅស្វែងរកសេវាសុខាភិបាលពីខេត្តត្រាតប្រទេសថៃផងដែរ។ មន្ត្រីយោធា ក៏ដូចជាមន្ត្រីនគរបាលការពារព្រំដែនដែលឈរជើងនៅនឹងច្រកព្រំដែននេះ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលចង់ឆ្លងចេញចូលប្រទេសទាំងពីរ ដើម្បីទេសចរណ៍ ឬដោះដូរទំនិញ គឺអនុញ្ញាតឱ្យចេញចូល៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ ប៉ុន្តែបើក្នុងករណីប្រជាពលរដ្ឋមានជំងឺតម្កាត់ផ្សេងៗ ឬជំងឺត្រូវសង្គ្រោះបន្ទាន់ជាដើម ត្រូវបានអនុញ្ញាតឱ្យចេញចូលភ្លាមៗដោយគ្មានថ្ងៃកំណត់នោះឡើយ។
បច្ចុប្បន្នក្រៅពីអនុញ្ញាតឱ្យប្រជាពលរដ្ឋជាប់ព្រំដែនចេញចូលដោះដូរទំនិញ ស្វែងរកសេវាសុខាភិបាល និងការប្រាស្រ័យទាក់ទងផ្សេងៗនោះ ប្រជាពលរដ្ឋខ្មែរដែលទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានថ្មដាជាដើម ក៏បានប្រើច្រកនេះ ដើម្បីបង្ហួសទៅលេងខេត្តត្រាតប្រទេសថៃផងដែរ។
ទោះបីមានការអនុញ្ញាតឱ្យប្រើប្រាស់ច្រកព្រំដែនមួយនេះ ដើម្បីប្រាស្រ័យទាក់ទង ការដោះដូរទំនិញប្រើប្រាស់តិចតួចយ៉ាងណាក្តី តែការប្រើប្រាស់ច្រកមួយនេះនៅមានកម្រិតនៅឡើយនាពេលបច្ចុប្បន្ន ព្រោះថាវាស្ថិតជាច្រករបៀងនៅឡើយ។ ដំណឹងស្តីពីការបង្កើតច្រកព្រំដែនថ្មដាទៅច្រកទ្វារអន្តរជាតិ បាននាំឱ្យប្រជាពលរដ្ឋនៅក្នុងឃុំថ្មដា ស្រុកវាលវែង អ្នកវិនិយោគដែលកំពុងអភិវឌ្ឍន៍នៅជាប់ព្រំដែន រួមទាំងអាជ្ញាធរផងដែរ សម្តែងក្តីរីករាយ និងចង់ឃើញការបង្កើតច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។
ក្រុមហ៊ុនទ្រីភាពគ្រុប បានសហការជាមួយក្រុមហ៊ុនចិនបោះទុនរាប់រយលានដុល្លារអាមេរិក អភិវឌ្ឍន៍តំបន់ព្រំដែនដ៏ស្ងប់ស្ងាត់មួយនេះ។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់សណ្ឋាគារប្រណិតមួយរួចហើយ ហើយកំពុងសាងសង់សណ្ឋាគារដ៏ធំមួយបន្ថែមទៀត ព្រមជាមួយការសាងសង់សំណង់លំនៅឋានផងដែរ។ តាមគម្រោងក្រុមហ៊ុននឹងបង្កើតជាទីលានវាយកូនហ្គោល ធ្វើជាកន្លែងកម្សាន្តបែបធម្មជាតិ និងបែបកសិទេសចរណ៍ផងដែរ។
ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានមើលឃើញថា ការបង្កើតច្រកព្រំដែនថ្មដាឱ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ នឹងរួមចំណែកធ្វើឱ្យតំបន់ព្រំដែនថ្មដាកាន់តែមានសភាពអ៊ូអរ ដោយមិនត្រឹមតែជាកន្លែងដោះដូរទំនិញនោះទេ តែអាចទាក់ទាញភ្ញៀវទេសចរពីខាងប្រទេសថៃឱ្យចូលលេងកម្សាន្តនៅតំបន់ថ្មដាផងដែរ។
ឧកញ៉ា ទ្រី ភាព បានលើកឡើងថា ខេត្តត្រាតជាខេត្តជាប់មាត់សមុទ្រហើយមានអ្នកទេសចរច្រើនទៅលេងខេត្តត្រាត ខណៈនៅតំបន់ថ្មដាជាតំបន់ទេសចរណ៍បែបធម្មជាតិ មានទាំងទឹកជ្រោះ និងសម្រស់ព្រៃភ្នំជាដើម អាចស្រូបទាញអ្នកទេសចរពីខាងខេត្តត្រាតឱ្យមកសម្រាកលំហែ និងលេងកម្សាន្តនៅតំបន់ថ្មដាកាន់តែច្រើន។
ឧកញ៉ា ទ្រី ភាព បានបញ្ជាក់យ៉ាងដូច្នេះថា «ជារឿងប្រសើរណាស់ការបើកច្រកព្រំដែននេះទៅច្រកទ្វារអន្តរជាតិ។ ខ្ញុំមើលឃើញថា ការបើកច្រកនេះមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនចេញចូលរវាងប្រទេសទាំងពីរនោះទេ ក៏ប៉ុន្តែវានឹងទាក់ទាញអ្នកទេសចរទៅតំបន់ថ្មដាកាន់តែច្រើន ខណៈដែលយើងបានសាងសង់នូវសណ្ឋាគារ និងកន្លែងលេងកម្សាន្តត្រៀមទទួលអ្នកទេសចរទាំងនោះរួចហើយ»។
ឧកញ៉ា ទ្រី ភាព បានបង្ហាញការជឿជាក់ថា ការបើកច្រកព្រំដែនថ្មដាទៅជាច្រកអន្តរជាតិ នឹងរួមចំណែកធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយទៅជាខេត្តមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយក៏ជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដាកាន់តែល្អប្រសើរ។
នៅតំបន់ថ្មដានេះ ពីអតីតកាលអាចនិយាយបានថា ជាតំបន់មួយដាច់ស្រយាល ហើយក៏មិនសូវមានអ្នកបានទៅដល់នោះឡើយក្រៅតែពីប្រជាពលរដ្ឋដែលតាំងទីលំនៅទីនោះ ព្រោះថាគ្មានផ្លូវសម្រាប់ធ្វើដំណើរ។ បច្ចុប្បន្នផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់សម្រួលដល់ការធ្វើដំណើរ។ ផ្លូវជាតិមួយខ្សែក៏បានទាក់ទាញប្រជាពលរដ្ឋនៅតំបន់ដទៃឱ្យទៅកាន់តំបន់ថ្មដាផងដែរ ព្រោះសភាពបត់បែនជាច្រើនផ្នត់នៅតាមជើងភ្នំដ៏ខ្ពស់ រួមជាមួយសម្រស់ធម្មជាតិខៀវស្រងាត់អបសងខាងផ្លូវ បង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់បំព្រង និងគួរជាទីប្រតិព័ទ្ធខ្លាំងសម្រាប់ខ្សែនេត្រា។
លោក ញ៉ែម ប៉ី ជាប្រជាពលរដ្ឋមួយរូបកំពុងប្រកបរបរលក់ដូរចំណីអាហារបម្រើដល់ភ្ញៀវទេសចរណ៍ ដែលទៅលេងនៅទឹកជ្រោះថ្មដា ស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះឡើយពីព្រំដែននោះ។ លោក ញ៉ែម ប៉ី រួមជាមួយភរិយារបស់លោកតែងតែជិះម៉ូតូចូលទៅផ្សាររបស់ថៃស្ថិតនៅចម្ងាយប្រហែលជា ១០គីឡូម៉ែត្រពីព្រំដែន ដើម្បីទិញបន្លែបង្កា និងត្រីសាច់ទុកធ្វើម្ហូបបម្រើដល់ភ្ញៀវទេសចរទៅលេងនៅទឹកជ្រោះថ្មដា។
អ្នកប្រកបរបរធ្វើម្ហូបអាហារជូនភ្ញៀវទេសចររកនេះ ក៏រីករាយណាស់ដែរចំពោះដំណឹងបើកច្រកថ្មដាទៅជាច្រកអន្តរជាតិ។ លោកបានលើកឡើងថា នាពេលកន្លងទៅមានភ្ញៀវមួយចំនួនមកលេងនៅថ្មដា មានបំណងចង់ចូលទៅលេងប្រទេសថៃ តែដោយសារចំថ្ងៃដែលគេបិទច្រក ក៏មិនបានចូលទៅលេង។ លោក ញ៉ែម ប៉ី មើលឃើញថា ការបើកច្រកថ្មដាទៅជាច្រកអន្តរជាតិ នឹងរួមចំណែកទាក់ទាញអ្នកទេសចរមកកាន់ថ្មដាកាន់តែច្រើន ព្រោះភ្ញៀវមកលេងថ្មដាអាចឆ្លងចូលទៅលេងប្រទេសថៃបានងាយស្រួល ដូចច្រកព្រំដែនខ្មែរនៅតាមបណ្តាខេត្តផ្សេងៗទៀត។
លោក អួន ប៉ាង ជាប្រជាពលរដ្ឋនៅឃុំថ្មដាម្នាក់ទៀត ដែលឧស្សាហ៍ចេញចូលទៅក្នុងប្រទេសថៃ ដើម្បីរបស់របស់របរប្រើប្រាស់ និងចំណីអាហារសម្រាប់ហូបចុកផងដែរ។ លោក អួន ប៉ាង បានមើលឃើញថា ការបើកច្រកថ្មដាទៅជាច្រកអន្តរជាតិ នឹងជួយសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋ ហើយទៅទិញរបស់របរប្រើប្រាស់តាមពេលវេលា និងតាមតម្រូវការ ដោយមិនមានការរាំងស្ទះដូចពេលបច្ចុប្បន្ន។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការបើកព្រំដែនថ្មដាជាច្រកទ្វារអន្តរជាតិ។ លោកអភិបាលខេត្ត បានលើកឡើងថា ការបើកច្រកព្រំដែនថ្មដាជាច្រកទ្វារអន្តរជាតិ នឹងក្លាយទៅដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ «ជាដង្ហើមចេញចូលដ៏សំខាន់សម្រាប់ប្រជាកសិករយើងក្នុងដោះដូរកសិផលរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ឬរវាងប្រទេសយើង និងប្រទេសថៃក្នុងចំណែកណាដែលយើងអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ តែងតែទន្ទឹងរង់ចាំការបើកច្រកថ្មដាទៅជាច្រកអន្តរជាតិ។ «ក្នុងនាមជាអាជ្ញាធរខេត្ត ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋរបស់យើងទាំងអស់នៅក្នុងខេត្ត គឺយើងតែងតែទន្ទឹងរង់ចាំមើលការអភិវឌ្ឍនៃច្រកនេះ និងការបើកច្រកនេះ។ ពីព្រោះដូចខ្ញុំជម្រាបហើយថា ច្រកនេះជាដង្ហើមចេញចូលទៅលើផ្នែកសេដ្ឋកិច្ច និងគ្រប់វិស័យទាំងអស់សម្រាប់ប្រជាពលរដ្ឋរបស់យើង»។
បើទោះបីថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាក្នុងការបើកច្រកព្រំដែនថ្មដា ទៅជាច្រកទ្វារអន្តរជាតិយ៉ាងណាក្តី តែមកដល់ពេលបច្ចុប្បន្នដំណើរការនៃការបើកច្រកនេះហាក់មិនទាន់បានលេចចេញជារូបរៀងនៅឡើយនោះទេ។ បច្ចុប្បន្នភាគីខាងកម្ពុជាបានឈូសឆាយដីមួយចំនួនបម្រុងទុកសម្រាប់ធ្វើអគាររដ្ឋបាលផ្សេងៗនៅមាត់ច្រកនោះហើយ ប៉ុន្តែនៅខាងភាគីថៃគេហាក់មិនទាន់មានឃើញការរៀបចំនៅឡើយនោះទេ។
ការបើកច្រកព្រំដែនថ្មដានេះ ត្រូវបានគេមើលឃើញថា នឹងជួយសម្រួលសម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ដែលផលិតក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ឬបន្ទាយមានជ័យជាដើម ឡើងទៅកាន់កំពង់ផែ ព្រោះនៅក្នុងខេត្តត្រាតមានកំពង់ផែទឹកជ្រៅ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនថ្មដានោះឡើយ៕