(ពោធិ៍សាត់)៖ ព្រំដែនកម្ពុជា-ថៃ «ថ្មដា» ជាតំបន់ដាច់ស្រយាល និងស្ងប់ស្ងាត់មួយកម្រមិនសូវមានប្រជាពលរដ្ឋធ្វើដំណើរទៅដល់តំបន់នោះឡើយ។ ភាពស្ងប់ស្ងាត់ក៏ដោយសារតែពិបាកធ្វើដំណើរ និងមិនទាន់មានការរៀបចំទីកន្លែងកម្សាន្តច្រើនដូចនៅតំបន់ដទៃទៀត។ ប៉ុន្តែរយៈជិត១ឆ្នាំកន្លងមកនេះ ព្រំដែនថ្មដា បានផ្លាស់ប្ដូរមុខមាត់ថ្មី ស្ទើរតែស្មានមិនដល់ បន្ទាប់ពីមានការវិនិយោគរួមគ្នារវាងឧញ្ញ៉ា ទ្រី ភាព ជាមួយក្រុមហ៊ុនចិន ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស DMS នៅចំណុចព្រំដែនកម្ពុជា-ថៃ «ថ្មដា» នេះ។
តំបន់សេដ្ឋកិច្ចពិសេសនេះ បានធ្វើឲ្យព្រំដែនដែលធ្លាប់តែស្ងៀមស្ងាត់ ស្ទើរតែគ្មានមនុស្សទៅដល់ក្រៅពីពលរដ្ឋខ្មែរ ថៃ រស់នៅតាមបន្ទាត់ព្រំដែនឆ្លងកាត់នោះ បានប្ដូរជាមានសភាពអ៊ូអរមានអគារខ្ពស់ៗ និងមានរមណីយដ្ឋានធម្មជាតិយ៉ាងស្រស់ស្អាត ប្លែកភ្នែកជាច្រើន ដែលជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តនៅទីតាំងនោះ។
ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងមានភាពមមារញឹក ក្នុងការសាងសង់អាគារខ្ពស់ៗជាច្រើន រួមមានផ្សារទំនើប សណ្ឋាគារកាស៊ីណូ សួនកម្សាន្តនោះ លោក WENZE LI នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេស DMS បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងចំណាយប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍តំបន់មួយនេះឲ្យមានភាពរីកចម្រើន និងទាក់ទាញធ្វើទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅធ្វើយ៉ាងណាជួយឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មានការរីកចម្រើន និងជួយឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។
នាយកប្រតិបត្តិខាងលើក៏បានបញ្ជាក់ឲ្យដឹងទៀតថា លោកហ្នឹងសាងសង់ផ្សារទំនើបក្នុងតំបន់នេះ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិលក់ដូរនៅក្នុងផ្សារទំនើបនេះ ដោយឥតគិតថ្លៃថែមទៀតផង។ ជាមួយគ្នានេះ ផ្សារទំនើបនៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏នឹងទទួលទិញផលដំណាំកសិករខ្មែរគ្រប់ប្រភេទដើម្បីយកមកផ្គត់ផ្គង់ភ្ញៀវទេសចរណ៍ បុគ្គលិក និងនាំចេញយកទៅលក់នៅក្រៅប្រទេសថែមទៀតផង។
សម្រាប់ចក្ខុវិស័យនៃតំបន់សេដ្ឋកិច្ចពិសេស DMS នេះលោក WENZE LI បានបន្តឲ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក ដែលបានមកដាក់ការវិនិយោគនៅទីនេះ គោលដៅសំខាន់បំផុត គឺជំរុញឲ្យពលរដ្ឋនៅក្នុងតំបន់មានការអភិវឌ្ឍ និងទទួលបានប្រាក់ចំណូលខ្ពស់។ ក្រុមហ៊ុនរបស់លោក នឹងព្យាយាមទាក់ទាញអ្នកវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីមកអភិវឌ្ឍន៍នៅតំបន់ព្រំដែនថ្មដានេះទៀតផង។
ទាក់ទងការវិនិយោគនៅតំបន់ព្រំដែនកម្ពុជា-ថៃ ថ្មដា នេះ ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អបអរយ៉ាងខ្លាំង ព្រោះតំបន់ព្រំដែននេះ ហាក់ជាទីកន្លែងដែលគេបោះបង់ចោល និងមិនមានការភិវឌ្ឍអ្វីទាំងអស់។ ជាពិសេសតំបន់ព្រំដែននេះកន្លងមកក៏ជាតំបន់ប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម ដែលមិនសូវមាននរណាហានដើរផ្ដេសផ្លាស់ឡើយ។
លោក ម៉ៅ ធនិន បញ្ជាក់យ៉ាងដូច្នេះ៖ «អីចឹងបើយើងមានការអភិវឌ្ឍ និងការងារបើកច្រកនេះ គឺបានសេចក្ដីថាមានការអភិវឌ្ឍធំណាស់ ជាមួយនឹងជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ តំបន់នេះពីមុនមកគឺជាតំបន់ប្រយុទ្ធ ទីតាំងនៅកន្លែងនោះភាគច្រើនគឺយើងមិនអាចដើរបានផ្ដេសផ្ដាស់ទេ ព្រោះសុទ្ធតែជាកន្លែងដែលសម្លាប់ភូមិសាស្រ្ត ពោរពេញទៅគ្រាប់ ពោរពេញទៅដោយមីន ដូច្នេះបានជាយើងកែប្រែតំបន់នោះជាតំបន់អភិវឌ្ឍន៍ ពោរពេញទៅដោយតម្រូវការ ពោរពេញទៅដោយ ភាពរីកចម្រើន និង អ្វីដែលពាក់ព័ន្ធទៅនឹងតម្រូវការនៃការរស់នៅ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនោះ ដែលខ្ញុំគិតថា វាជាភាពល្អប្រសើរណាស់។ ដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាល របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ព្រោះតំបន់នោះបើយើងសួរទៅអុំប្រុសអុំស្រី ដែលជាអតីតយុទ្ធជនយើងនៅទីនោះ តំបន់នោះពីមុនមកយើងមិនអាចទៅដល់ទេ។ ប៉ុន្តែឥលូវប្ដូរទៅជាតំបន់មួយដែលមានការអភិវឌ្ឍហើយមនុស្សទូទៅ ចង់ទៅលេង ចង់ទៅឃើញ ខ្ញុំគិតថាចំណែកនេះគឺជាមួយដ៏ល្អបំផុតដែលយើងទាំងអស់គ្នាមិនដែលគិតដល់ ហើយបែជាយើងទទួលបាននេះពាក់ព័ន្ធតម្លៃនៃការដឹកនាំ ប្រកបទៅដោយភាពស័ក្តិសិទ្ធ និងវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺសម្ដេចតេជោ ហ៊ុន សែន»។
បើទោះជាបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស DMS ទើបតែដំណើរការផ្នែកខ្លះក៏ពិតមែន ប៉ុន្តែសំណង់អគារជាច្រើនកំពុងសាងសង់ឡើងយ៉ាងព្រោងព្រាតដែលបានផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែន ក៏ដូចជាពលករចំណាកស្រុកផងនោះទទួលបានការងារយ៉ាងជាប់លាប់ ជាមួយប្រាក់កម្រៃយ៉ាងច្រើនលើគ្រប់ផ្នែកទាំងអស់។ តាមរយៈការងារ និងប្រាក់ឈ្នួលសមរម្យនេះ បានធ្វើឲ្យកម្មករ បុគ្គលិកនៅទីនោះ មានភាពជីវភាពរីកចម្រើនជាលំដាប់ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសឡើយ។
ទោះយ៉ាងណាទន្ទឹមការសាងសង់អគារជាច្រើននេះ នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសDMS ព្រមជាមួយប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននេះ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សហការគ្នាបើកច្រកព្រំដែនថ្មដាទៅជាច្រកអន្តរជាតិឲ្យបានឆាប់រហ័ស ដើម្បីឲ្យភ្ញៀវទេចរអាចធ្វើដំណើរឆ្លងទៅកម្សាន្តរវាងប្រទេសទាំងពីរ បានកាន់តែងាយស្រួល៕