(ភ្នំពេញ)៖ ក្រុមហ៊ុន Australian Investment Asia នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានរៀបចំកម្មវិធីពិព័រណ៍ពីរបៀបធ្វើយ៉ាងណា ដើម្បីទទួលបានទិដ្ឋាការទៅរស់នៅ សិក្សា និងវិនិយោគនៅបរទេសបានលឿន ឆាប់រហ័ស សម្រាប់ឆ្នាំ២០២០ ដោយមានអ្នកជំនាញផ្នែកច្បាប់ មកពីបណ្តាប្រទេសជាង១០ខុសៗគ្នា បានចែករំលែកព័ត៌មាន ដោយផ្ទាល់ដល់អ្នកចូលរួម និងផ្តល់នូវឯកសារជំនួយស្មារតីជាច្រើន ដោយបានរៀបចំឡើង នៅសណ្ឋាគារណាហ្គាវើល ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនផងដែរ។
លោក សុខ មង្គលរស្មី អគ្គនាយកក្រុមហ៊ុន Australian Investment Asia បានឱ្យដឹងថា ពិព័រណ៍នេះមិនត្រឹមបើកឱកាសឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ ដែលមកពីប្រទេសអាមេរិក អូស្ត្រាលី និងប្រទេសកាណាដាជាដើម នឹងជួយបកស្រាយចម្ងល់ ដោយផ្ទាល់តាមរយៈកម្មវិធី សំណួរចម្លើយ ថែមទៀតដល់អ្នកចូលរួមទាក់ទងនឹងការស្នើសុំទិដ្ឋាការ វិនិយោគ រស់នៅធ្វើការ និងទៅសិក្សា។
លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងបន្តថា នាពេលកន្លងមកក្រុមហ៊ុនបានជួបអថិជនជាច្រើន ដែលមានបញ្ហាទាក់ទងនឹងការស្នើសុំទិដ្ឋាការ ចេញទៅសិក្សា ឬរស់នៅក្រៅប្រទេស។ ពិព័រណ៌នេះនឹងជួយតម្រង់ទិសដល់អ្នក ដែលចង់ទៅរស់នៅសិក្សា និងវិនិយោគនៅបរទេស ជាពិសេសនៅអូស្ត្រាលី។
លោកថា ប្រជាជនកម្ពុជាមួយចំនួន មិនទាន់យល់ពីបញ្ហាស្នើសុំវីសា និងទិដ្ឋាការបានស៊ីជម្រៅនោះទេ ពួកគេគិតថាវាជាការបំពេញពាក្យស្នើសុំធម្មតា និងស្មានតែបកប្រែឯកសារ ដូចគ្នាទាំងអស់តែប៉ុណ្ណោះ។
លោក សុខ មង្គលរស្មី បានបន្តថា អតិថិជនមួយចំនួនយល់ថា ការសុំសិទ្ធជ្រកកោន ឬស្នាក់នៅរយៈវែងនៅបរទេស គឺជាការបំពេញពាក្យសុំទិដ្ឋាការសាមញ្ញ ពុំចាំបាច់មានការយល់ដឹងជ្រាលជ្រៅ អំពីច្បាប់របស់ប្រទេសដែលខ្លួនចង់ទៅនោះក៏បាន និងបញ្ហាមួយទៀតគឺពួកគេយល់ថា មេធាវីម្នាក់ណាក៏សុទ្ធតែមានសមត្ថភាពទូលំទូលាយ អាចជួយរៀបចំឯកសារដាក់ពាក្យស្នើសុំទិដ្ឋាការបានដូចៗគ្នាទាំងអស់នេះជាការគិតខុស។
សូមបញ្ជាក់ថា ក្រុមហ៊ុន Australian Investment Asia ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ២០០១មកម្ល៉េះ រហូតបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានជួយរៀប ឯកសារជូនអតិថិជនខ្លួនទទួលសិទ្ធិស្របច្បាប់ ចេញទៅរស់នៅរៀនសូត្រ និងវិនិយោគនៅឯបរទេសជាង៨,០០០ករណី៕