(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង ព្រមទាំងប្រជានុរាស្ត្រ សិស្សានុសិស្សនៅស្រុកបាណន់ បានក្រាបថ្វាយបង្គំថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫទ័យ ឧបត្ថម្ភការកសាងសមិទ្ធផលមួយចំនួន នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។
សមិទ្ធផលទាំងនោះ រួមមាន៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់២ជាន់ ស្នើនឹង ២០បន្ទប់ អគារអនាម័យចំនួន១ខ្នង មានបង្គន់អនាម័យ៦បន្ទប់ និងអាងទឹកចំនួន ១។
បើតាមការឱ្យដឹងពីលោកសន្តិបណ្ឌិត សុខ ផល ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការទទួលបានសមិទ្ធផល ដែលបម្រើដល់វិស័យសិក្សាធិការខាងលើនេះ៕