(ភ្នំពេញ)៖ លោក មូសា អះម៉ាត់ សាស្ត្រាចារ្យសាសនាឥស្លាម ដែលបានបញ្ចប់ការសិក្សាពីប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា «សាសនាឥស្លាម បានលើកតម្កើនសិទ្ធិ និងផ្ដល់តម្លៃដល់ស្ត្រីខ្ពង់ខ្ពស់ណាស់» ខណៈសិទ្ធិទាំងឡាយ ដែលបានចែងក្នុងបទប្បញ្ញត្តិនៃសាសនាឥស្លាម ពិតជាបានបញ្ជាក់ពីតម្លៃនៃស្ត្រី និងការគោរពសិទ្ធិយ៉ាងពេញលេញ។
ថ្លែងមកកាន់ភ្នាក់ងារ Fresh News ផ្នែកឥស្លាម លោក ស្លៃម៉ាន ហ្វាន់ទី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ មូសា អះម៉ាត់ បានបន្តទៀតថា ឥស្លាមបានលើកតម្កើងស្រ្តី និងបានផ្តល់សិទ្ធិយ៉ាងពេញលេញសាកសមនឹង អ្វីដែលពួកគាត់ត្រូវទទួលបានដោយយុត្តិធម៌ ដោយក្នុងនោះត្រូវបានគេរាប់បញ្ចូលទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិមានកម្មសិទ្ធិ សិទ្ធិទទួលបានមរតកពីសាច់ញាតិ ឬប្តី សិទ្ធិទទួលបានការអប់រំ និងការចិញ្ចឹមបីបាច់ថែរក្សាជាដើម ដែលត្រូវបានផ្តល់ឱ្យដោយឥស្លាម ចំពោះមនុស្សគ្រប់រូបទាំងបុរស និងស្រ្តី។
លោកសាស្ត្រាចារ្យបញ្ជាក់ថា «លក្ខណៈពិសេសមួយនៃសិទ្ធិស្រ្តី នៅក្នុងសាសនាឥស្លាម គឺពួកគាត់មិនមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ ជីវភាពដល់អ្នកដទៃណាម្នាក់នោះទេ ផ្ទុយទៅវិញពួកគាត់មានសិទ្ធិ ទទួលបានការផ្គត់ផ្គង់ជីវភាពពីបុរស ដូចជាពីប្តី ពីកូនប្រុស និងពីឪពុកជាដើម»។
លោក មូសា អះម៉ាត់ បានពន្យល់បន្ថែមថា ឥស្លាមបានបានផ្តាំផ្ញើកូនៗឱ្យធ្វើល្អ ជាពិសេសចំពោះស្រ្តីជាម្តាយបានដាក់បទបញ្ជាលើប្តីឱ្យធ្វើល្អបំផុតចំពោះស្រ្តីជាភរិយា បានជំរុញឪពុកម្តាយឱ្យបីបាច់ថែរក្សាការពារកូនស្រី និងផ្តល់ការអប់រំដល់ពួកគេ។ ឥស្លាមបានលើកតម្កើងស្រ្តីជាបងប្អូន ជាមីង ជាយាយ ជាចៅជាដើម ដោយបានលើកទឹកចិត្តឱ្យថែរក្សា និងផ្សារភ្ជាប់ចំណងសាច់សារលោហិត ហើយបានហាមឃាត់អំពីការកាត់ផ្តាច់ទំនាក់ទំនងនេះ។
ទន្ទឹមនឹងសារនេះដែរ លោកសាស្ត្រាចារ្យក៏បានអំពាវនាវដល់បណ្ដាសាសនិកឥស្លាមទាំងអស់ ត្រូវចូលរួមលើកកម្ពស់ និងផ្ដល់តម្លៃដល់សិទ្ធិមនុស្សទូទៅ ពិសេសការគោរពឲ្យតម្លៃ ធ្វើល្អដាក់បណ្ដាស្ត្រីទាំងឡាយ ក្នុងនាមជាអ្នកកាន់សាសនាឥស្លាមដ៏ល្អបរិសុទ្ធ ចូលរួមលើកកម្ពស់ការអប់រំ ការអភិវឌ្ឍ ការរក្សាសន្តិភាព និងពិសេសគោរពតាមគោលការណ៍សាសនាឥស្លាម និងច្បាប់ប្រទេសឲ្យបានល្អ និងខ្ជាប់ខ្ជួន សាកសមជាធនធានមនុស្សល្អសម្រាប់កម្ពុជា។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពនៃការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញ ដល់បណ្ដាសាសនាទាំងឡាយនៅកម្ពុជា ក្នុងនោះក៏រាប់បញ្ចូលសាសនាឥស្លាមផងដែរ ដែលទទួលបានសុខដុមនីយកម្ម យ៉ាងពេញលេញ បូករួមនឹងការឲ្យតម្លៃ ការគោរពគ្នា ដែលនេះជាសមិទ្ធផលល្អប្រសើរបំផុតមួយ ក្នុងចំណោមសមិទ្ធផលល្អៗជាច្រើនផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូន ខណៈសាសនិកឥស្លាមកម្ពុជាបានអបអរសាទរ និងសម្ដែងការដឹងគុណ ព្រមទាំងគាំទ្រជានិច្ចនិរន្តរ៍ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕