(សៀមរាប)៖ ប្រពន្ធ និងសមាជិកគ្រួសារ២នាក់ទៀត របស់បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លង Covid-19 នៅក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានបង្ហោះវីដេអូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំជ្រួលច្របល់ខ្លាំងពេកជាមួយជំងឺ Covid-19 នេះព្រោះថា សូម្បីរូបគាត់នៅផ្ទាល់ជាមួយប្តី ដែលជាអ្នកឆ្លងជំងឺនេះ ក៏មិនចម្លង ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែស ភ្លេចធ្វើអនាម័យនោះទេ។
ការចេញមកអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកទាំងបីនាក់ ត្រូវបានធ្វើតេស្តរួចរាល់ ហើយលទ្ធផលបញ្ជាក់ថា ពួកគាត់គ្មានផ្ទុកវីរុស Covid-19 នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ជាមួយគ្នានេះ អ្នកទាំង៣នាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀបរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពរបស់ពួកគាត់។
ប្រពន្ធបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំដែលឆ្លង Covid-19 បាននិយាយថា «ខ្ញុំចង់ប្រាប់ដល់បងប្អូនទាំងអស់គ្នា កុំមានការភិតភ័យ ឬក៏ស្លន់ស្លោខ្លាំង តែត្រូវចេះការពាររៀងៗ។ ខ្ញុំក៏សូមអរគុណដល់មន្ទីរសុខាភិបាលខេត្តសៀបរាប ក្រសួងសុខាភិបាល និងក៏សូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជួយស្វះស្វែងយកចិត្តទុកដាក់ជ្រោមជ្រែង យ៉ាងខ្លាំងចំពោះគ្រួសារនាងខ្ញុំ»។
សូមជម្រាបថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះថា សមាជិក៣នាក់ ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានធ្វើតេស្តស្វែងរកជំងឺ Covid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមាន បានសេចក្តីថា អ្នកទាំង៣នាក់មិនមានផ្ទុះវីរុស Covid-19 នោះឡើយ។
លោកស្រី វណ្ណឌីន បានប្រកាសប្រាប់ប្រជាពលរដ្ឋតាមរយៈ Fresh News យ៉ាងដូច្នេះថា «លទ្ធផលធ្វើតេស្តក្រុមគ្រួសារ៣នាក់ របស់បុរសជនជាតិខ្មែរយើង អាយុ៣៨ឆ្នាះដែលរកឃើញវិជ្ជមាន ឥឡូវនេះលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់»។
កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ៕