(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះថា សមាជិក៣នាក់ ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប បានធ្វើតេស្តស្វែងរកជំងឺ Covid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមាន បានសេចក្តីថា អ្នកទាំង៣នាក់មិនមានផ្ទុះវីរុស Covid-19 នោះឡើយ។
លោកស្រី វណ្ណឌីន បានប្រកាសប្រាប់ប្រជាពលរដ្ឋតាមរយៈបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «លទ្ធផលធ្វើតេស្តក្រុមគ្រួសារ៣នាក់ របស់បុរសជនជាតិខ្មែរយើង អាយុ៣៨ឆ្នាំដែលរកឃើញវិជ្ជមាន ឥឡូវនេះលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់»។
សូមជម្រាបថា កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគ Covid-19 នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
ការរកឃើញជំងឺ Covid-19 ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក៕