(ព្រៃវែង)៖ ជនសង្ស័យដៃឆៅម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងបញ្ជូនទៅឱ្យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយជនរូបនេះបានប្រព្រឹត្តអំពើឃាតកម្មលើជនរងគ្រោះម្នាក់ទៀត នៅក្រុងព្រះសីហនុ រួចក៏រត់ទៅសម្ងំលាក់ខ្លួន នៅស្រុកស៊ីធរកណ្ដាល។
តាមការឱ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់នោះមានឈ្មោះ ធី វណ្ណៈ ហៅ ធីស៊ីវ អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មុខរបរកម្មករនេសាទនៅក្រុងព្រះសីហនុ។
រូបគេបានត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ នឹងអំពើឃាតកម្មលើជនរងគ្រោះម្នាក់ទៀត ដោយសម្លាប់ហើយទម្លាក់ចូលទឹកសមុទ្រ នៅខេត្តព្រះសីហនុ។ លុះដល់វេលាម៉ោង ១០៖០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ គេបានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតទឹកនៅម្ដុំកោះរុង។
ក្រោយទទួលបានព័ត៌មាននេះហើយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការភ្លាម ដោយបញ្ជាឱ្យកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ចាំឃ្លាំមើលមុខសញ្ញាជនសង្ស័យ រហូតបានទទួលព័ត៌មានជាក់លាក់ ទើបសមត្ថកិច្ចនៃអធិការដ្ឋានស្រុកស៊ីធរកណ្ដាល បានចុះឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាលភ្លាម នាវេលាម៉ោង១៦៖៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
ក្នុងថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ក៏បានប្រគល់ជនសង្ស័យឈ្មោះ ធី វណ្ណៈ នេះឱ្យទៅសមត្ថកិច្ច នៃអធិការនគរបាលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕