(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥២២នាក់ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន១,២១៥នាក់ (មួយពាន់ពីររយដប់ប្រាំនាក់) នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមទាំងមានអាហារសាមគ្គី នំបញ្ចុក នំប៉័ង ទឹកសុទ្ធ ថែមទាំងមានចែកក្រមាដ៏ស្រស់ស្អាតជូនដល់នារីៗ ជាង១០០០នាក់ ទុកជាអនុស្សាវរីយ៍ នាថ្ងៃទិវាសិទ្ធិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងកម្មពិធីពិនិត្យព្យាបាលនេះ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត តូច យ៉ាន, លោក វង្ស វ៉ាន់នី, លោកវេជ្ជបណ្ឌិត កែរ រដ្ឋា, លោកវេជ្ជបណ្ឌិត ជឹម គឹមស្រួន ដែលជាអនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាង លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមសហការពី៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ចែម សារីម ប្រធាក្រុមប្រឹក្សាស្រុកឱរ៉ាល់ លោក មួង ធី អភិបាលស្រុកឱរ៉ាល់ តាមរយៈលោក នី នរៈ អភិបាលរងស្រុកឱរ៉ាល់ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ លោក ពាង ផារ័ត្ន ប្រធានក្រុមហ៊ុនទឹកបរិសុទ្ធអូរសិលា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងក្រុមការងារជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជន គណបក្សរាជធានីភ្នំពេញ និង មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្នុងរយៈពេល៨៧ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០) រយៈពេល៨ឆ្នាំឈានចូលឆ្នាំទី៩គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២២០លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន៤២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំង ចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៥៣៣,២៩៦នាក់ (ហាសិបបីម៉ឺនបីពាន់ពីររយកៅសិបប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៥៨៦,២៧នាក់ (សាមសិបប្រាំម៉ឺនប្រាំបីពាន់ប្រាំមួយរយម្ភៃ ប្រាំពីរនាក់)។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ តាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមា ចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ជាពិសេស ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងជូនពរដល់លោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕