(កំពង់ស្ពឺ)៖ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ចម្ងាយត្រឹមតែ៩០គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (៥៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ និងមានចំងាយ១១គីឡូម៉ែត្រ ពីសាលាស្រុកថ្ពង) សហគមន៍ព្រៃឈើមួយ កំពុងលាក់ខ្លួន ពួនសង្ងំការពារសត្វព្រៃដែលជិតផុតពូជ។
សហគមន៍ព្រៃឈើនេះ ត្រូវបានប្រសិទ្ធនាមថា «សហគមន៍ព្រៃឈើប្រាំបីមុម» ដែលកំពុងតែបំពេញការងារយ៉ាងសកម្មក្នុងការអភិរក្សសត្វដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លួស ក្ងោក ពិសេសសត្វទន្សោង ដែលសត្វជិតផុតពូជ កំពុងស្នាក់អាស្រ័យ ក្រោមការការពារយ៉ាងពិសេសពីសហគមន៍។
នៅរដូវប្រាំងសហគមន៍ព្រៃឈើនេះ ប្រឈមនឹងនូវបញ្ហាជាចម្បង គឺបញ្ហាខ្វះទឹក និងបញ្ហាភ្លើងឆេះព្រៃ។
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុំ បានឲ្យដឹងថា សហគមន៍ព្រៃឈើនេះ បានបង្កើតឡើងនៅឆ្នាំ២០០៣ ដែលមានប្រជាជន ចូលរួមសរុបចំនួន៦៧៨គ្រួសារ ស្មើនឹង២២៦៩នាក់ (ស្រ្ដីចំនួន១៣៧២នាក់) ដើម្បីធ្វើការគ្រប់គ្រងព្រៃសហគមន៍ទំហំ៩៣៧ហិកតា ដែលជាប្រភេទព្រៃល្បោះរេចរិល។
លោកបន្តថា សព្វថ្ងៃនេះអ្នកល្បាតការពារព្រៃឈើ និងសត្វព្រៃ ក្នុងសហគមន៍មានចំនួន១៦នាក់ ដោយធ្វើការល្បាតទាំងយប់ទាំងថ្ងៃ បំពេញការងារដោយស្ម័គ្រចិត្តចាប់តាំងពីឆ្នាំ២០០៣មក។
លោកបានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សប្បុរសជននានា សូមបន្តជួយគាំទ្រ និងឧបត្ថម្ភដល់សហគមន៍ ដើម្បីបន្តសកម្មភាពការពារសត្វព្រៃ និងព្រៃឈើឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអ្នកជំនាន់ក្រោយ។
សហគមន៍ព្រៃឈើប្រាំបីមុម ត្រូវបានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការជ្រោមជ្រែងពីរដ្ឋបាលព្រៃឈើ។
លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ បានចាត់ទុកសហគមន៍ព្រៃឈើនេះ គឺជាសហគមន៍គំរូបំផុតសម្រាប់កម្ពុជា ដែលអាចថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលជិតផុតពួជ ដោយពឹងលើខ្លួនឯង មិនបានពឹងជំនួយពីខាងណាទាំងអស់។
លោកបន្តថា បើទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មិនបានព្រងើយកន្តើយ ចំពោះជីវភាពរបស់សហគមន៍ឡើយ គឺតែងតែកៀរគរនូវសប្បុរសជន ម្ចាស់ជំនួយ អង្គការផ្សេងៗ ដើម្បីជួយសល់សហគមន៍ជាបន្តបន្ទាប់។
លោកបន្ថែមថា នៅពេលអនាគតរដ្ឋបាលព្រៃឈើ មានផែនការចង់អភិវឌ្ឍន៍តំបន់នេះ ទៅជាទីកន្លែងទេសចរណ៍ សម្រាប់កម្សាន្តមើលសត្វព្រៃ និងជាកន្លែងសិក្សាស្រាវជ្រាវផងដែរ។
សូមជម្រាបថា សហគមន៍ព្រៃឈើនៅប្រទេសកម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ជាតិ អន្ដរជាតិ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។
បច្ចុប្បន្ននេះក្រោមការសម្របសម្រួល និងគាំទ្រពីរដ្ឋាបាលព្រៃឈើ និងការចូលរួមពីអាជ្ញាធរដែនដីដៃគូអភិវឌ្ឍ បានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន៦៣៦ សហគមន៍ គ្របដណ្ដប់លើផ្ទៃដីព្រៃទំហំជាង៥១ម៉ឺនហិកតា ស្ថិតនៅក្នុង២១ខេត្ត, ៩៩ស្រុក, ៣១២ឃុំ, ៩៥៤ភូមិ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍សរុបចំនួន៤៩៤សហគមន៍ គ្របដណ្ដប់លើដីព្រៃទំហំ ជាង៤៤ម៉ឺនហិកតា ប្រយោជន៍ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ព្រៃឈើឲ្យមាននិរន្ដភាព ព្រមទាំងទទួលផលប្រយោជន៍ ប្រកបដោយសមធម៌ និងធ្វើឲ្យជីវភាពរស់នៅ កាន់តែប្រសើរឡើង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងសម្រាប់អនាគតនៃមនុស្សជំនាន់ក្រោយ៕