(ភ្នំពេញ)៖ លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោល និងថ្កោលទោសចំពោះសកម្មជន Facebook ដែលមាននិន្នាការប្រឆាំង ដែលបង្ហោះព័ត៌មានបំពុល បំណងធ្វើឲ្យមានភាពចលាចលសង្គម បានលើកឡើងថា «គ្រប់មន្ទីរពេទ្យឲ្យតែសង្ស័យមានឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោល»។
លោកស្រី វណ្ណឌីន បានទាត់ចោលការលើកឡើង បែបល្ងង់ខ្លៅរបស់សកម្មជនប្រឆាំង និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វះស្វែងរកវិធីធ្វើយ៉ាងណាចាប់ខ្លួនជននោះ មកផ្តន្ទាទោសតាមច្បាប់ កុំឲ្យនៅតែបន្តបង្កើតព័ត៌មានបំពុល ធ្វើឲ្យសង្គមចលាចលបែបនេះទៀត។
លោកស្រី ឱ វណ្ណឌីន បានចាត់ទុកការបង្ហោះព័ត៌មានប្រឌិននេះថា «ជាពាក្យសំដីអសីលធម៌ និងប្រឌិតបំពុលសង្គមទាំងស្រុង។ សូមកុំជឿ និងសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់ការតាមផ្លូវច្បាប់»។
ជាមួយគ្នានេះ លោកស្រីនៅតែអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកលេង Facebook សូមកុំជឿទៅលើព័ត៌មានមិនផ្លូវការ ឬការបង្ហោះ Facebook ដែលគ្មានប្រភពច្បាស់ ហើយសូមមេត្តាជឿជាក់លើរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រសិនមានអ្វីវិវត្តន៍ថ្មី ក្រសួងនឹងជម្រាបជូនភ្លាមៗ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ងាយស្រួលបង្ការ៕