(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីកសាងឧបដ្ឋានសាលា១ខ្នង នៅវត្តមង្គលវន្ដទី២ ហៅវត្តស្ទឹងតូច ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។
ឧបដ្ឋានសាលាថ្មី១នេះ បានចាប់ផ្ដើមដំណើរការកសាង នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់បច្ចុប្បន្ន សម្រេចលទ្ធផល បានប្រមាណ១០% ចំណាយថវិកាអស់ចំនួន ៤៣,០៥៨,០០០រៀល និង៧,៥៩៩ ដុល្លារអាមេរិក។ ក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថា ការកសាងនេះគឺដើម្បីទុកសម្រាប់ប្រើប្រាស់ជាទីសេនាសនៈដ្ឋាន គោរពបូជា។
ការកសាងនេះ បានធ្វើឡើង ក្រោយពិនិត្យឃើញ ឧបដ្ឋានសាលាដែលកសាងរួចយូរឆ្នាំមកហើយមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ក្រោមការផ្ដួចផ្ដើមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានសម្រេចផ្ដួចផ្ដើមកសាងឧបដ្ឋានសាលាថ្មី១ខ្នង ធ្វើពីបេតុងប្រគេន និងជូនដល់ព្រះចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទក្នុងតំបន់នេះ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ថា «វត្តមង្គលវន្ដទី ២» ហៅវត្តស្ទឹងតូច ត្រូវបានរៀបចំកសាងឡើងក្នុងឆ្នាំ១៩៩២ លើផ្ទៃដីប្រមាណ១៧,០០០ ម៉ែត្រការ៉េ និងឆ្លងការគ្រប់គ្រង និងដឹកនាំកសាងសមិទ្ធផលរបស់ព្រះគ្រូចៅអធិការចំនួន៩ព្រះអង្គ។
លោក លី សុភាលីន បានបន្ថែមថា ការផ្ដួចផ្ដើមកសាងចេញពីស្ថានភាពដីទទេរ ដែលទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដែលមានសទ្ធាជ្រះថ្លា ជាមួយព្រះពុទ្ធសាសនា អាជ្ញាធរមូលដ្ឋានរួមនិងបងប្អូន ប្រជាពលរដ្ឋ ក្នុងតំបន់នេះ បានគៀងគរនូវ ធនធានពីសំណាក់ថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ្ធ ជិតឆ្ងាយកសាងបានសមិទ្ធផលនានា យ៉ាងច្រើនជាបន្ដបន្ទាប់។
ដោយទទួលបានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមជាមួយសប្បុរសជន ជិតឆ្ងាយ ទាំងក្នុង និងក្រៅ ប្រទេស ព្រះវិហារ ១ ខ្នង មានទំហំ ២៤ គុណ១៧ ម៉ែត្រ បានកសាងរួចរាល់ និងរៀបចំពិធីបុណ្យ កាត់ឫសសីមានិងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធាន រដ្ឋសភានៃកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រី វង សូត និងលោកស្រី បានពាំនាំនូវបច្ច័យចូលរួមបុណ្យរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចំនួន២០លានរៀល និងបច្ច័យរបស់រដ្ឋមន្ត្រី និងលោកស្រីផ្ទាល់ចំនួន២០លានរៀល ចូលរួមពិធីបុណ្យ និងបានឧបត្ថម្ភលោកគ្រូ អ្នកគ្រូ១០នាក់ ក្នុងម្នាក់ទទួលបាន៣ម៉ឺនរៀល សិស្សានុសិស្សចំនួន១៥០នាក់ ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា កាយរឹទ្ធជាតិកម្ពុជា និង សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៦០នាក់ ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល និងកងកម្លាំងការពារចំនួន៣០ម៉ឺនរៀល៕