(ភ្នំពេញ)៖ បុរស ឬ ស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា ស្របតាមលក្ខខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជារួចហើយ ពុំអាចចុះបញ្ជីអាពាហ៍ពិពាហ៍(អេតាស៊ីវិល)ថ្មី ឬរួមសេវនកិច្ច(រួមភេទ) ជាមួយបុគ្គលផ្សេងក្រៅពីប្តី ឬប្រពន្ធរបស់ខ្លួន ទាំងមិនទាន់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ចាស់បានឡើយ។
ប្រសិនបើប្តី ឬប្រពន្ធទៅរួមសេវនកិច្ចជាមួយបុគ្គលផ្សេងក្រៅពីសាច់ញាតិរបស់ខ្លួននោះជាអំពើផិត ប៉ុន្តែបើការរួមសេវនកិច្ចជាមួយនឹងញាតិលោហិត(សាច់ញាតិផ្ទាល់) ញាតិពន្ធ (សាច់ថ្លៃ) ឬញាតិពន្ធខ្សែផ្ទាល់(ញាតិរបស់សាច់ថ្លៃ) នោះជាអំពើស្មន់។
នៅក្នុងស្ថានភាពសង្គមជាក់ស្តែងប្រជាពលរដ្ឋមួយចំនួននៅតែមានការយល់ច្រឡំថា បុរស-ស្រ្តី ដែលបានរស់នៅជាមួយគ្នា ទោះបានប្រារព្ធពិធីមង្គលការក្តី ឬពុំបានប្រារព្ធពិធីមង្គលការក្តី តែងតែហៅថា «ប្តីប្រពន្ធ» ហើយពុំអាចរួមសេវនកិច្ចជាមួយបុគ្គលផ្សេង ឬរៀបការទៀតបានទេ ការយល់បែបនេះចំពោះន័យច្បាប់ពុំត្រឹមត្រូវឡើយ លុះណាតែបានចុះបញ្ជីអាពាហ៍ពិពាហ៍ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាត្រឹមត្រូវទើបក្លាយជាប្តីប្រពន្ធស្របច្បាប់។
លើសពីនេះប្រសិនបើប្តី ឬប្រពន្ធរបស់ខ្លួនបានប្រព្រឹត្តអំពើស្មន់នោះត្រូវបានកំណត់ជាបទល្មើស និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ហេតុនេះដើម្បីយល់ដឹងកាន់តែច្បាស់ ថាតើអ្វីជាអំពើស្មន់ ហើយបុគ្គលដែលបានប្រព្រឹត្តបទស្មន់ត្រូវទទួលការផ្តន្ទាទោសកម្រិតណា?
ដូច្នេះក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទស្មន់» មកបង្ហាញ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ដូចតទៅ៖
យោងតាមច្បាប់ស្ដីពីឯកពន្ធភាពឆ្នាំ២០០៦ ដែលបានបញ្ញតិដើម្បីធានាការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដី និងប្រពន្ធឲ្យស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ស្មារតីមាត្រា៥ នៃច្បាប់ស្ដីពីឯកពន្ធភាពបានបញ្ញតិថា៖ ត្រូវចាត់ទុកថាស្មន់ បុរស និងស្រី្តណាដែលជាប់ចំណងជាញាតិលោហិត (ញាតិ ដែលមានឈាមជ័រជាមួយគ្នា៖ ឪពុក ម្ដាយ កូន) ឬញាតិពន្ធ (សាច់ថ្លៃ៖ ឪពុកម្ដាយក្មេក និងកូនប្រសា បងថ្លៃ ប្អូនថ្លៃ ជាដើម) នឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។
ដោយឡែកមាត្រា៦ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់គឺ៖
* បុរស និងស្រ្តីដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ឬជាសាច់ចិញ្ចឹមក្ដី បានរួមសេវនកិច្ចជាមួយគ្នា ។
* បុរស និងស្រី្តដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ចិញ្ចឹមក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមម្ដាយឪពុកក្ដី ជាញាតិលោហិតក្ដី ឬជាញាតិពន្ធក្ដី រហូតដល់ថ្នាក់ទី៣ រាប់ទាំងថ្នាក់នេះផង បានរួមសេវនកិច្ចជាមួយគ្នា។
ករណីដែលបានប្រព្រឹត្តដូចមានចែងក្នុងមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពីឯកពន្ធភាពត្រូវចាត់ចូលជាអំពើស្មន់ លើបុគ្គលដែលបានប្រព្រឹត្តល្មើសឮ និងត្រូវផ្តន្ទាទោសចំពោះជនណាដែលបាន ប្រព្រឹត្តល្មើសនឹងមាត្រា៦ ខាងលើនេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ដល់ ១(មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។
ប៉ុន្តែប្រសិនបើមានសហព័ទ្ធម្ខាងស្លាប់ ហើយសហព័ទ្ធដែលនៅរស់អាចរួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី២(បងថ្លៃ ឬប្អូនថ្លៃ) និងទី៣(ក្មួយសាច់ថ្លៃ ឬមីង ពូសាច់ថ្លៃ) បានដោយពុំចាត់ទុកជាអំពើស្មន់ទេ ពោលបើប្ដី ឬប្រពន្ធ បានស្លាប់ភាគីដែលនៅរស់អាចបង្កើតចំណងអាពាហ៍ពិពាហ៍ ឬរួមសេវនកិច្ចជាមួយសាច់ថ្លៃ ឬសាច់ផ្ទាល់របស់សាច់ថ្លៃបាន។
ដើម្បីយល់កាន់តែច្បាស់យើងខ្ញុំសូមជូនឧទាហរណ៍ដូចតទៅ៖ បុរស «ក» និង នារី «ខ» បានរៀបការ និងចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងឆ្នាំ២០០៨ ហើយនៅឆ្នាំ២០១១ នារី «ខ» បានទទួលមរណភាពដោយសារជម្ងឺ។ ដោយសារ ចំណងអាពាហ៍ពិពាហ៍របស់ បុរស «ក» និងនារី «ខ» ត្រូវបានរលត់ ហេតុនេះច្បាប់អនុញ្ញាតឲ្យបុរស «ក» អាចបង្កើតចំណងអាពាហ៍ពិពាហ៍ ថ្មីជាមួយនឹងនារី «គ» ដែលជាប្អូនស្រីរបស់នារី «ខ» បាន ឬក៏បុរស «ក» អាចបង្កើតចំណងអាពាហ៍ពិពាហ៍ជាមួយនារី «ឃ» ដែលជាក្មួយស្រីរបស់នារី «ខ» ឬជាមួយនឹងនារី «ង» ដែលជាមីងរបស់នារី «ខ» បាន។
សរុបមក បុរស-ស្រ្តី ដែលមានចំណងអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ត្រូវមានកាតព្វកិច្ចស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ប្រសិនបើបុគ្គលណាមួយបានប្រព្រឹត្តអំពើស្មន់នោះ នឹងត្រូវទទួលការផ្តន្ទាទោសដូចមានបញ្ញតិ្តនៅក្នុងច្បាប់ស្ដីពីឯកពន្ធភាព ហើយការផ្តន្ទាទោសនេះគឺដើម្បីប្រឆាំងនឹងបុគ្គលទាំងឡាយដែលបាន ប្រព្រឹត្តសកម្មភាពខុសឆ្គងនឹង ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ សូមបញ្ជាក់ផងដែរថាបទល្មើសស្មន់នេះ មានអានុភាពអាចអនុវត្តបានក្រោយពេលច្បាប់ឯកពន្ធភាពឆ្នាំ២០០៦ ចូលជាធរមាន។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៩៣ ៤៦ ៨៨ ៨៩/០៦១ ៤៤ ៨៨ ៨៩ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕