(កណ្តាល)៖ លោក ចាន់ តារា ប្រធានសហភាពសហព័ន្ធកម្ពុជា (ស.ស.យ.ក) ស្រុកខ្សាច់កណ្តាល និងជាអភិបាលរងស្រុក តំណាងឲ្យលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី០៨ ខែមីនានេះ បានដឹកនាំកម្លាំង ស.ស.យ.ក ស្រុក ចំនួន៤០នាក់ សហការជាមួយក្រុមការងារ សមាគមសិស្សនិសិ្សតបញ្ញាវ័ន្តក្មេងវត្តចំនួន៨នាក់, ក្រុមប្រឹក្សាឃុំព្រែកតាមាក់ យុវជនឃុំ ស.ស.យ.ក និងប្រជាពលរដ្ឋក្នុងភូមិ បានចុះធ្វើការសំអាតបរិស្ថាន ដាំផ្កា និងដាំកូនឈើប្រណិត តាមបរិវេណជុំវិញស្រះទឹក ក្រោមប្រធានបទ «យុវជនម្នាក់ ដាំកូនឈើមួយដើម» ដើម្បីឲ្យមានភាពស្រស់បំព្រង និងជាម្លប់សម្រាប់អ្នកធ្វើភូមិ និងអ្នកធ្វើដំណើរឈប់សម្រាក។
ក្នុងនោះ លោក ចាន់ តារា ប្រធាន ស.ស.យ.ក ស្រុក និងជាអភិបាលរងស្រុក បានឧបត្ថម្ភកូនឈើប្រណិតចំនួន២០ដើម និងក្រុមការងារសមាគម សិស្ស និសិ្សត បញ្ញាវ័ន្តក្មេងវត្ត បានឧបត្ថម្ភកូនឈើប្រណិតមាន បេង គ្រញូង និងធ្នង់ចំនួន៦៤ដើម សម្រាប់ដាំលំអក្នុងបរិវេណស្រះទឹកនេះផងដែរ។
រដ្ឋបាលស្រុខ្សាច់កណ្តាល និងជា ស.ស.យ.ក.ស្រុកខ្សាច់កណ្តាល សូមថ្លែងអំណរគុណចំពោះ សមាគម សិស្ស និសិ្សត បញ្ញាវ័ន្តក្មេងវត្ត, ក្រុមប្រឹក្សាឃុំព្រែកតាមាក់, ស.ស.យ.ក.ស្រុក, ស.ស.យ.ក.វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តល ដែលបានចូលរួមការងារសង្គម សំអាតបរិស្ថាន ដាំកូនឈើ និងចូលរួមថែរក្សាសមិទ្ធផលនានា នៅក្នុងឃុំព្រែកតាមាក់ផ្សេងៗទៀត និងសូមគោរពជូនពរ ក្រុមប្រឹក្សាឃុំ និងសប្បុរសជនឲ្យសុខសប្បាយ មានសុខភាពល្អបរិបូរណ៏ មានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបការងារជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ស្រះទឹកសម្តេចហ៊ុនសែន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៩២ មានបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅ៧ម៉ែត្រ ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕