(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨៖៥០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវឧកញ៉ាឌួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មូលហេតុដោយសារមានកម្មករសំណង់ លើកក្តារចាក់ពុម្ពសសរប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)។
អគ្គិសនីកម្ពុជា បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបាន ធ្វើការយកក្តារចាក់ពុម្ពសសរចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០៖២៥នាទីព្រឹក។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕