(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជំរុញការងារបង្កាត់ និងជ្រើសរើសពូជសត្វ ធ្វើយ៉ាងណាប្តូរពូជសត្វដែលខ្សោយខាងផលិតកម្ម រើសយកពូជល្អៗមានផលិតភាពផលិតកម្មខ្ពស់ ជាពិសេសពូជគោ។
ការជំរុញនេះធ្វើឡើងក្នុងឱកាស ដែលលោកចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោ យកសាច់របស់កសិករម្នាក់ នៅភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យអ្នកដែលមានលទ្ធភាព ធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ និងឈានទៅកាត់បន្ថយការនាំចូល បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រតាមរយៈបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងការប្រែប្រួលអាកាសធាតុ និងជាពិសេសស្របតាមបរិបទ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានវិបត្តិដោយសារជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យរបស់កសិដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:ខិតខំប្រឹងប្រែង តស៊ូពុះពារប្រកាន់យកអាជីពកសិកម្ម (ចិញ្ចឹមគោ) ជាមុខរបរស្នូលដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ចគ្រួសារ រហូតសម្រេចទទួលបានជោគជ័យ របស់កសិករ លោក ឡេង នីរូ។
លោករដ្ឋមន្ត្រីលើកឡើថា គ្រួសារមួយចិញ្ចឹមគោសាច់១៦០ក្បាល វាមិនមែនជារឿងងាយស្រួលទេ ដ៏រាបណាគ្មានការអំណត់អត់ធន់ ឧស្សាហ៍ព្យាយាម រួមទាំងមានគោលដៅ និងផែនការច្បាស់លាស់ និងជាពិសេស កិច្ចសហការជាមួយមន្រ្តីជំនាញនោះទេ។
លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យកសិករ វិនិយោគិនខ្នាតតូច មធ្យម និងធំ បើចាប់យករបរកសិកម្មជាដំណាំកសិ-ឧស្សាហកម្ម ឈើហូបផ្លែ បន្លែ សត្វ និងវារីវប្បកម្ម ទោះក្នុងកម្រិតណាក៏ ត្រូវមានគោលដៅច្បាស់លាស់ រៀបចំផែនការផលិតកម្ម ទុនវិនិយោគ និងបច្ចេកទេស ដោយសហការជាមួយមន្រ្តីជំនាញ ទើបយើងអាចឈានទៅសម្រេចបានជោគជ័យ។ ភាពជោគជ័យគឺសំដៅទៅលើនិរន្តរភាពផលិតកម្ម និងកំណើនប្រាក់ចំណូល។ ជាក់ស្តែងកសិដ្ឋានលោក ឡេង នីរូ នេះ ចិញ្ចឹមគោសាច់ ជ្រូក ទាប៉េកាំងជាង១៧ពាន់ក្បាល និងដំណាំស្វាយចន្ទីលើផ្ទៃដីជាង ៧០ហិកតាអាចរក ចំណូលបានជា១២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហើយប្រាកដចំណូលនេះយើងអាចសម្រេចបានចក្ខុ វិស័យនាឆ្នាំ២០៣០ របស់សម្តេចតេជោ ហ៊ុន សែន រួចហើយ៕