(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋត្រូវរក្សាជំហរ ស្មារតីឱ្យបាននឹងនរ សូមមេត្តាកុំបារម្ភ ភ័យក្លាចហួសពីការពិត។
ការស្នើយ៉ាងដូច្នេះរបស់លោក វេង សាខុន ក្រោយពីការប្រកាសរកឃើញជំងឺ Covid-19 កើតលើបងប្អូនខ្មែរយើងម្នាក់នៅក្រុងសៀមរាបនោះ ឆ្លៀតក្នុងឱកាសដែលលោកអញ្ជើញចូលរួមបុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីសាលវ័ន (វត្តវិហារធំ) ស្ថិតក្នុងភូមិវិហារ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់។
លោកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានចាត់វិធានការការពារជំងឺនេះ យ៉ាងហ្មត់ចត់ទាំងសម្រាប់រយៈពេលខ្លី និងរយ:វែងរួចរាល់ហើយ ហើយអ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺសុំឱ្យបងប្អូនប្រជាពលរដ្ឋចេះការពារសុខភាពខ្លួនឯង តាមរយៈការធ្វើអនាម័យរាងកាយជាប់ជាប្រចាំ ជាពិសេសដៃ មុខ មាត់ ច្រមុះ និងភ្នែក បើមានអាការៈខុសប្រក្រតី សូមប្រញាប់នាំយកបុគ្គលរូបនោះ ទៅកាន់មន្ទីរពេទ្យដែលនៅជិតមូលដ្ឋានរបស់ខ្លួន ហើយត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មកជូនបងប្អូនឃុំវិហារធំ និងដោយឡែកបងប្អូន ដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរ ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ៗគ្នា។
លោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ៗ ដែលព្រះចៅអធិការ ពុទ្ធិបរិស័ទ សប្បុរសជន បានខិតខំកសាងដើម្បីទុកជាទីសក្ការ សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុម ការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយចិត្ត និងបរិច្ចាកថវិកាផ្ទាល់ កសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំវិហារធំ និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន។ ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា លោក វេង សាខុន និងលោកស្រី និងសហការីបានចាប់មគ្គផល១០លានរៀនបន្ថែម ហើយសមាជិក សមាជិកាម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។