(កំពង់ធំ)៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានជួបសំណេះសំណាលជាមួយស្ត្រីជាមន្ត្រីនគរបាល គ្រូបង្រៀន និងមន្ត្រីស៊ីវិលក្រុមប្រឹក្សាឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្កជាង ៤០០នាក់។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនានេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឲ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រី និងជួយឲ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។
លោកបានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។
លោកបានបន្តថាជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រី ដើម្បីឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ឱកាសដល់ស្ត្រី ក្នុងឆាកនយោបាយ និងសង្គម។
លោក ជា អឿង សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះ ដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព៕