(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងដូចគ្នាថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យស្រ្តីមានឱកាស ទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន ហើយទទួលបានសិទ្ធិពេញលេញ ក្នុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីអបអសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» និងសំណេះសំណាលជាមួយនារី ក្នុងស្រុកកណ្ដាលស្ទឹង និងគ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី០៧ ខែមីនា ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ។
លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ប្រសិនបើប្រទេសជាតិ យើងមានសង្រ្គាមអស្ថិរភាពនយោបាយ គ្មានសន្តិភាពយើងមិនបានគិតគូរ ពីការអភិវឌ្ឍន៍ភូមិឃុំសហគមន៍ស្រ្តីយ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់ គឺការពារសន្តិភាព និងថែរក្សាសន្តិភាព ហើយស្រ្តីក៏មានតួនាទីថែរក្សាសន្តិភាព ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។
លោកស្រីបន្តថា អង្គការសហប្រជាជាតិ បានកោតសរសើរចាត់ទុកប្រទេសកម្ពុជា ជាប្រទេសគំរូដែលបានបញ្ជូនស្រ្តីមួកខៀវ លើសកូតា១៥% ដល់ទៅ១៧% ទៅចូលរួមថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
លោកស្រីបន្ថែមថា វឌ្ឍនៈភាពស្ថានភាពរបស់ស្រ្តី លើវិស័យអប់រំគំលាតយ៉េនឌ័រ រវាងក្មេងប្រុស និងក្មេងស្រីនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាមានកំរិតទាបបំផុត គំលាតយ៉េនឌ័រនៅមានបន្តិចបន្ទួច នៅមធ្យមសិក្សាទុតិយភូមិ ចំពោះកំរិតឧត្ដមសិក្សាគំលាតយ៉ែនឌ័រ កំពុងកាត់បន្ថយបន្តិចម្ដងៗ។ ពាក់ពន្ធ័លើសុខភាពស្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក។
លោកស្រីរដ្ឋមន្ត្រីបានថ្លែងទៀតថា ប្រទេសកម្ពុជាយើង ក្នុងចំណោមប្រទេស១០លើពិភពលោក បានឈានទៅសម្រចគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ ឆ្នាំ២០១៥ នៅលើវិស័យសុខភាពក្នុងការកាត់បន្ថយ អត្រាមរណៈភាពមាតា និងទារក។ ក្នុងវិស័យសេដ្ឋកិច្ចបើប្រៀបធៀបប្រទេសក្នុងតំបន់ ប្រទេសកម្ពុជាមានអត្រាស្រ្តី ចូលរួមក្នុងវិស័យសេដ្ឋកិច្ច មានកម្លាំងពលកម្មខ្ពស់មានដល់៨០%។ ក្នុងសហគ្រាសធនតូច និងមធ្យមមានចំនួនមនុស្សជិតកន្លៈលាននាក់ ក្នុងនោះមានស្រ្តី៦៥% ជាម្ចាស់ដឹកនាំសហគ្រាស។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានលើកឡងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់ សមភាពយេនឌ័រតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដាក់ចេញគោលនយោបាយ យន្តការច្បាប់ជាច្រើន ដើមី្បសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ ឱ្យកាន់តែល្អប្រសើរឡើង ប្រកបដោយសមធម៌នោះ។ ដូច្នេះថ្នាក់ដឹកនាំស្រុក បន្តខិតខំធ្វើយ៉ាងណាលើកកម្ពស់ស្រ្តី ឲ្យមានការចូលរួមឈរឈ្មោះ ជាអ្នកដឹកនាំក្នុងជួរស្រុកឃុំភូមិកាន់តែច្រើនបន្ថែមទៀត។
ការបង្កើនការចូលរួមរបស់ស្រ្តី ក្នុងជួរថ្នាក់ដឹកនាំ ក្នុងវិស័យសេដ្ឋកិច្ច, សមភាពយេនឌ័រក្នុងវិស័យអប់រំ, ស្ថានភាពសុខភាពល្អ, និងសមភាពក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត ក្នុងវិស័យសាធារណៈ និងនយោបាយ បានធ្វើឱ្យស្ត្រីបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ចំណុចនៃការបង្កើនការចូលរួមរបស់ស្រ្តី បានជំរុញឱ្យសិស្សស្រី មានការកើនឡើងទាំងបរិមាណ និងគុណភាព ជួយឱ្យស្ត្រីកម្ពុជា ក្លាយជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការរួមចំណែកបង្កើនកំណើន សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជាដើម។
នាយឧត្តមសេនីយ៍បានជំរុញការលើកកម្ពស់ស្រ្តី បន្តការចូលរួមការកែប្រែឥរិយាបទសង្គម ដែលនៅមានការរើសអើង ចំពោះស្រ្តី តាមរយៈការគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសឱ្យស្ត្រី ដោយស្មើភាពជាមួយបុរស ហើយត្រូវចាត់ទុកស្ត្រីជាដៃគូរសំខាន់ ក្នុងការអភិវឌ្ឍគ្រួសារក៏ដូចជាសង្គម និងត្រូវប្រកាន់យកនូវទស្សនៈ «ជួយស្ត្រី គឺជួយខ្លួនឯង»។ ជាងនេះទៅទៀត ស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើនចំណេះដឹងជំនាញ សមត្ថភាព និងរក្សាឱ្យបានប្រណៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារដើម្បីលើកកម្ពស់ សក្តានុពលរបស់ស្ត្រីក្នុងសង្គម៕