(ពោធិ៍សាត់)៖ បើនិយាយអំពីព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរប្រាកដជាស្គាល់ច្បាស់ច្រកអន្តរជាតិប៉ោយប៉ែត ដែលមានសភាពអ៊ូអរ មានការដោះដូរទំនិញ មានចរាចរណ៍យ៉ាងមមារញឹក និងមានភាពរីកចម្រើនខ្លាំង មិនតែប៉ុណ្ណោះប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននោះ ក៏មានភាពធូរធារបានច្រើនថែមទៀតផង។ ក្រៅពីច្រកព្រំដែនប៉ោយប៉ែត ច្រកព្រំដែនរបស់ខ្មែរជាមួយថៃដទៃទៀត ក៏មានសភាពអ៊ូអរគួរឱ្យកត់សម្គាល់ផងដែរ។
ផ្ទុយទៅវិញព្រំដែនខ្មែរ-ថៃនៅក្នុងឃុំថ្មដា ហាក់មិនមានសំណាងដូចនៅច្រកព្រំដែនប៉ោយប៉ែត ឬនៅតាមច្រកផ្សេងទៀតឡើយ ដោយសារមិនទាន់មានការបើកច្រកជាផ្លូវការ និងមិនមានផ្លូវសម្រាប់ធ្វើដំណើរ។ កុំថាឡើយព្រំដែនដែលគ្មានជីវិតនោះ សូម្បីប្រជាពលរដ្ឋនៅតំបន់នោះ ក៏រស់នៅហាក់ឆ្ងាយដាច់អាល័យពីទីប្រជុំជន ឬអាចនិយាយបានថា រស់នៅតាមបែបព្រៃភ្នំដាច់ស្រយ៉ាល និងមិនមានការអភិវឌ្ឍអ្វីទាំងអស់។
ប្រជាពលរដ្ឋនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បើចង់ធ្វើដំណើរទៅកាន់ទីប្រជុំជនស្រុកវាលវែង ដែលមានចម្ងាយជាង ៧០គីឡូម៉ែត្រ ឬក៏ត្រូវទៅទីរួមខេត្តពោធិ៍សាត់មានចម្ងាយជិត ២០០គីឡូម៉ែត្រ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ក៏៣ថ្ងៃដែរ។ ដោយសារតែត្រូវសម្រាកនៅតាមផ្លូវ សែងម៉ូតូ ឆ្លងកាត់ភ្នំជាមុនសិន។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក និញ ឌៀន បានរំលឹកពីជីវិតលំបាកវេទនាលើទឹកដីថ្មដាថា៖ «ជូនកាលដេកផ្លូវមួយយប់ ២យប់ក៏មាន វាជួបការលំបាកច្រើន ផ្លូវឡើងភ្នំចុះភ្នំ អីចឹងឡានក៏ដោយម៉ូតូក៏ដោយក៏ជាប់ដែរ ហើយទឹកស្ទឹងកាច់ហ្នឹង ភ្លៀងជនមកខែវស្សា យើងទៅចំទឹកជន គឺយើងដឹងតែដេកនៅហ្នឹងហើយ ឆ្លងមិនរួចទេ ហើយមកពីនោះក៏អ៊ីចឹងដែរ មកចំទឹកជនគឺដេកនៅហ្នឹងហើយ។ បើនិយាយពីផ្លូវគឺរអិល បើសិនជាភក់គឺភក់ជ្រៅ ដល់ពេលឡើងចំណោទគឺរអិល អីចឹងការលំបាក គឺហួសការនិយាយហើយ ប៉ុន្តែយើងតស៊ូមកដល់ថ្ងៃនេះយើងនៅបានហើយ»។
លោក ហៀន ឆុន អតីតជាពេទ្យខ្មែរក្រហម ដែលបានរស់នៅតំបន់ថ្មដាតាំងពីបែកសម័យប៉ុលពតមកនោះ បានរំលឹកថា ពីអតីតកាលឃុំថ្មដា ដូចជាកោះដាច់ស្រយ៉ាលមួយដែលនៅឆ្ងាយដាច់សង្វែងគ្មាននរណាដឹង និងនឹកនាដល់នោះឡើយ។
លោក ហៀន ឆុន បញ្ជាក់យ៉ាងដូច្នេះ «បើគិតពីភូមិឃុំ ស្រុកគេផ្សេងៗ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់នេះ ចេញពីស្រុកវាលវែងមក គឺមានតែមួយឃុំគត់ដែលនៅដាច់ស្រយ៉ាលពីគេនៅជាប់ព្រំដែនថៃ។ មុនពេលមានផ្លូវការរស់នៅលំបាក វេទនាខ្លាំង គឺការទំនាក់ទំនងពីថ្មដា ទៅស្រុកវាលវែងអី ទៅមកចង់មួយអាទិត្យ គឺមិនចង់មកដល់ផ្ទះវិញផង ត្រូវដេកផ្លូវ។ ព្រោះត្រូវសែងម៉ូតូផង ជាប់ទឹកផង តាមស្ទឹងតាមអូរ ហើយផ្លូវបាក់ដីពីលើភ្នំផង...ជួនកាល ៣, ៤ ថ្ងៃជូនកាលមួយអាទិត្យអីនោះ ដូចយើងរស់នៅក្នុងកោះមួយដាច់ពីគេអីចឹង»។
ព្រោះតែគ្មានផ្លូវថ្នល់សម្រាប់ធ្វើដំណើរនេះមិនត្រឹមបង្កការលំបាកសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ សូម្បីតែចង់ឡើងមកលេងភ្នំពេញ ឬទៅទីរួមខេត្តពោធិ៍សាត់ ក៏ប្រជាពលរដ្ឋនៅថ្មដាមិនដែលនឹកគិតនោះដែរ គ្រាន់តែនឹកឃើញដល់ការធ្វើដំណើរគឺពួកគេឆ្អែតហើយ។ បើមិនដូច្នោះទេពេលចង់ធ្វើដំណើរទៅណាមកណាម្ដងៗ គឺត្រូវសូមការអនុញ្ញាតឆ្លងកាត់ទឹកដីថៃ ឬធ្វើដំណើរទៅតាមខេត្តកោះកុងទៅវិញ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ណុប សុវណ្ណ។
អ្នកស្រី ណុប សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះ៖ «កាលណុងមិនដែលនឹកឃើញថាចង់ទៅទេ ចេះតែមកនៅតែមិនដែលនឹកឃើញថាចង់ទៅលេងណាទេ ព្រោះផ្លូវវាពិបាកអីចឹង មិនដឹងគិតថាដើរលេងមិចទេ។ វាពិបាក និយាយទៅទាល់តែគេមានធ្វើត្រាស់សេផ្លូវគ្រោះក្រហមហើយ យើងក៏មានឧបសគ្គរឿងផ្លូវ ជួនមានភ្លៀងក៏ដាច់ស្ពានអីចឹងទៅ។ រាល់ពេលធ្វើដំណើរម្ដងៗ គឺវាពិបាកវាពិបាកពេក ដែលខាងអ្នកនៅវាលវែងមិនសូវពិបាកដូចអ្នកនៅថ្មដានេះទេ យើងថ្មដា យើងត្រូវឆ្លងភ្នំហើយនឹងទឹកស្ទឹង តាមអូរតាមអីចឹង កន្លែងណាមានស្ពានយើងទៅបាន កន្លែងណាអត់ស្ពានយើងក៏ទៅអត់បានចឹងទៅ»។
តែភាពដាច់ស្រយាលនៃតំបន់ថ្មដានេះបានផ្លាស់ប្ដូរហើយ ក្រោយពីផ្លូវជាតិលេខ៥៥ ត្រូវបានដាក់ឲ្យដំណើរការក្រោយសាងសង់រួចរាល់នៅចុងឆ្នាំ២០១៨។ ផ្លូវជាតិលេខ៥៥ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៊ូ ជាងហ្គូ អតីតឯកអគ្គរដ្ឋទូតចិននៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រួមគ្នានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥។ បន្ទាប់ពីជម្នះការលំបាក និងឧបសគ្គនានា រួមទាំងគ្រាប់មីនបន្សល់ពីសម័យសង្គ្រាមផងនោះ ផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨។
ផ្លូវជាតិលេខ៥៥ អាចនិយាយបានថា ជាផ្លូវជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងមានសភាពបត់បែនឡើងចុះ និងពុះជ្រែកខ្នងភ្នំខ្ពស់ៗ នៃជួរភ្នំក្រវាញ។ ក្រៅពីពុះជ្រែកបត់បែនតាមតាមភ្នំហើយនោះ ផ្លូវជាតិលេខ៥៥ ក៏បានពុះជ្រែកតាមដងព្រៃប្រឹក្សាតូចធំខ្ពស់ទាបយ៉ាងខៀវស្រងាត់បង្កើតជាផ្ទាំងទស្សនីយភាពប្រៀបដូចគំនូរក្លាយជាចំណីដួងនេត្រាញ៉ាំងឱ្យមានការទាក់ទាញជាខ្លាំងរាល់អ្នកដំណើរឆ្លងកាត់លើផ្លូវនេះ។
វត្តមានជាប្រវត្តិសាស្ត្រនៃផ្លូវជាតិលេខ៥៥ បានតភ្ជាប់តំបន់ព្រំដែនថ្មដា ជាមួយទីប្រជុំជនវាលវែង ក៏ដូចជាអ្នកដំណើរមកពីបណ្ដាខេត្តផ្សេងៗឲ្យមកទស្សនា និងលេងកម្សាន្តនៅព្រំដែនធ្លាប់តែស្ងប់ស្ងាត់មួយនេះឱ្យមានសភាពអ៊ូអរ និងមានការអភិវឌ្ឍ ស្ទើរស្មានមិនដល់។ បច្ចុប្បន្នប្រជាពលរដ្ឋស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ មានជីវភាពធូរធារ មានផ្ទះធំៗ តម្លៃដីឡើងថ្លៃ មានទីផ្សារទូលំទូលាយ។ ជាពិសេសបាននាំមកនូវស្នាមញញឹមយ៉ាងស្រស់ស្រាយជូនប្រជាពលរដ្ឋដែលធ្លាប់តែស្រងូតស្រងាត់ពីអតីតកាលនោះ។
អ្នកស្រី ណុប សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយទៅវាផ្លាស់ប្ដូរ វាផ្លាស់ប្ដូរច្រើនដែរប្រជាជននៅទីនេះ លក់ដូរអី រកស៊ីអីក៏វាស្រួល ចេញចូលដាំដំណាំ ឬកៅស៊ូអីក៏ងាយស្រួលមានគេមកយក សប្បាយ ហើយមើលទៅក៏មានការរីកចម្រើនខ្លាំងដែរ មិនមែនខ្លាំងដែរ គឺខ្លាំងមែនទែនតែម្ដង។ បើប្រៀបធៀបពីមុនមកគឺខុសឆ្ងាយណាស់ ពិបាកប្រៀបធៀបថាមិចដឹងតែថា ខុសខ្លាំងតែម្ដង មិននឹកស្មានថា បានប៉ុណ្ណឹងនោះទេ ឥលូវបានផ្លូវប៉ុណ្ណេះ។ ប្រជាជននៅទីនេះសប្បាយអរខ្លាំងណាស់ រកអីប្រៀបមិនបានទេ»។
ភាពរីកចម្រើននេះ មិនត្រឹមតែជួយឲ្យពលរដ្ឋនៅតំបន់ភ្នំដែនមានភាពរីកចម្រើនខ្លាំងនោះទេ សូម្បីតែប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវាលវែង ក៏កាន់តែមានភាពរីកចម្រើនជាលំដាប់ថែមទៀត។ តួយ៉ាងអ្នកស្រី កាង គឹមហួន ដែលរស់នៅក្នុងស្រុកវាលវែង ហើយមានអាហារដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរនោះ បានលើកឡើងថា កាលដើមឡើយអ្នកស្រីតែងតែអង្គុយចាំស្ដាប់សំឡេងឡានម៉ូតូឆ្លងកាត់ផ្លូវនេះ យូរៗក៏ឮសំឡេងម៉ូតូម្ដង ប៉ុន្តែពេលនេះអ្នកស្រីមិនចាំបាច់ផ្ទៀងស្ដាប់សំឡេងបែបនេះទៀតឡើយ។
អ្នកស្រី កាង គឹមហួន បញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ ជួយប្រជាជនច្រើន ខ្ញុំលក់ដូរដាច់ ហើយមនុស្សចេញចូលអត់ស្ងាត់ ចង់ដូចទីក្រុងដែរហើយឥលូវនេះ។ ឡានចេញចូលពីព្រឹកទល់ល្ងាច។ លើកមុនកាលធ្វើផ្លូវហើយភ្លាមៗអត់ទាន់មានឡានក្រុងទេ ដល់ឥលូវមានឡានក្រុងចេញចូលរាល់ថ្ងៃ។ កាលពីមិនទាន់ធ្វើផ្លូវអត់មានទេ អត់មានមនុស្សចេញចូលទេ ឃើញតែម៉ូតូមួយអរចង់ស្លាប់ហើយ ឲ្យតែឮសំឡេងម៉ូតូក្រឹកមក គឺដឹងតែថាមានម៉ូតូមកហើយ។ ដល់ពេលផ្លូវស្រួលបែបនេះ ថ្ងៃណាក៏ថ្ងៃឡាន ស្មាលណាក៏ឮតែសំឡេងឡាន លែងឯកកោហើយ ព្រោះមនុស្សគគ្រឹកគគ្រេងរាល់តែថ្ងៃហើយ ហើយអ្នកភ្នំពេញមកបុកតែទៅរកព្រំដែនទេ គេនៅញ៉ាំអីនេះសិនទៅ ញ៉ាំឆ្អែតគេទៅព្រំដែន ព្រំដែនឥលូវស្អាត។ អត់ដាច់អាល័យទេ លែងលុយភក់ លែងដាច់បាយលើភ្នំហើយ។ កាលពីមុនឲ្យតែខែ១០ ខែ៩ មេឃអាប់មក គឺមិនដឹងថាដល់ផ្ទះថ្មើរណាទេថ្មដា តែឥលូវអត់ដឹងទៀតទេ បើថាលឿន ១ម៉ោងជាង ពីវាលវែងទៅដល់ថ្មដារទៅដល់ផ្ទះភ្លាម»។
ជាការពិតណាស់ទីណាមានផ្លូវទីនោះមានក្ដីសង្ឃឹម និងមានការអភិវឌ្ឍ។ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ ភាគច្រើនប្រកបរបរដាំដុះផលដំណាំផ្សេងៗ ដូច្នេះវត្តមានផ្លូវនេះបានសម្រួលដល់ការដឹកកសិផលទៅកាន់ទីផ្សារ។ លើសពីនោះដោយសារតែភាពទាក់ទាញនៃដងផ្លូវ និងសម្រស់ធម្មជាតិមានព្រៃឈើ មានភ្នំ និងទឹកជ្រោះផងនោះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ការសម្រួលដល់ការដឹកជញ្ជូនកសិផល និងការទាក់ទាញភ្ញៀវទេសចរនេះ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានបង្ហាញជំនឿចិត្តមុតមាំថា វត្តមានផ្លូវជាតិលេខ៥៥ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកកាន់តែល្អប្រសើរ។ «ជាការពិតណាស់ក្រោយពីផ្លូវនេះបានប្រសូតហើយនោះ ប្រជាពលរដ្ឋរបស់យើងមានការបម្រែបម្រួលលឿនទៅលើវិស័យកសិកម្ម និងទេសចរណ៍ ឧស្សាហកម្ម។ ជាពិសេសគឺការលើកកម្ពស់នូវជីវភាព និងការរស់នៅរបស់ពួកគាត់តែម្តង។ ឃើញថាមានការលើកស្ទួយច្រើនគ្រប់ផ្នែកទាំងអស់ ដែលយើងគិតថា មិនអាចបរិយាយអស់។ សំខាន់បំផុត គឺស្នាមញញឹមរបស់ប្រជាពលរដ្ឋរបស់យើងដែលលោកមានការសប្បាយរីករាយជាខ្លាំងពាក់ព័ន្ធជាមួយការប្រសូតចេញនូវផ្លូវនេះដែលរាជរដ្ឋាភិបាលបានកសាងឡើង»។
ផ្លូវជាតិលេខ៥៥ មានប្រវែងជាង១៨២គីឡូម៉ែត្រ ឆ្លងកាត់ស្រុកចំនួន៣ រួមមានស្រុកបាកាន ស្រុកភ្នំក្រវ៉ាញ និងស្រុវាលវែង ឆ្ពោះទៅដល់ព្រំដែនថ្មដា។ ក្រៅពីជួយផ្ដល់ដង្ហើមដល់ការអភិវឌ្ឍនៅព្រំប្រទល់ថ្មដារនេះហើយ ផ្លូវជាតិលេខ៥៥ ក៏សាងសង់ឡើងប្រកបដោយបច្ចេកទេសទំនើប និងតាមស្តង់ដារដែលបានកំណត់ ដោយការពិនិត្យ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនចិនដែលជាអ្នកសាងសង់នោះ។
លោក ម៉ៅ ធនិន បញ្ជាក់យ៉ាងដូច្នេះ៖ «ជុំវិញបញ្ហានេះ គុណភាពផ្លូវ គឺយើងមានការត្រួតពិនិត្យដោយក្រសួងសាធារណៈការ ទៅលើបញ្ហាការងារបច្ចេកទេស ហើយពាក់ព័ន្ធជាមួយនឹងសំណង់ នៅតំបន់អភិវឌ្ឍន៍នោះ ក៏មានអ្នកបច្ចេកទេសរបស់យើងទៅត្រួតពិនិត្យដែរ មុននឹងការសាងសង់ ថ្នាក់ក្រសួងក៏ដូចជាថ្នាក់ខេត្ត គឺយើងបានត្រួតពិនិត្យច្បាស់ណាស់។ ព្រោះសំណង់ទាំងអស់នេះគឺមិនមែនជាសំណង់វិលល្ងាចទេ គឺជាសំណង់យុត្តិសាស្រ្ត អីចឹងវាពឹងផ្អែកទៅលើគុណភាព នៃការសាងសង់ ដែលពាក់ព័ន្ធទៅហ្នឹងសុវត្ថភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍ នេះជាចំណុចចំបងបំផុតដែលក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាផ្នែកជំនាញ គឺយើងតែងតែយកចិត្តទុកដាក់ខ្ពស់ មានការត្រួតពិនិត្យច្បាស់ណាស់លើបញ្ហាហ្នឹង។ អីចឹងខ្ញុំគិតថា ដូចជាមិនមានបញ្ហាអីទេ ព្រោះគ្រប់យ៉ាងទាំងអស់ គឺយើងសុទ្ធតែបម្រើឲ្យទៅលើផ្លូវច្បាប់ និងលក្ខណៈបច្ចេកទេសទាំងអស់»។
ផ្លូវជាតិលេខ៥៥ បានលេចជារូបរាងក្រោមចំណងមិត្តភាពដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយរដ្ឋាភិបាលចិន។ តាមរយៈចំណងមិត្តភាពដ៏ស្អិតល្មួតនេះ រដ្ឋាភិបាលចិនបានផ្តល់កម្ចីជាង ១៣២លានដុល្លារអាមេរិក កសាងផ្លូវជាតិលេខ៥៥ សម្រេចបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន និងបំពេញតាមក្តីស្រមៃរបស់ប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយនេះនិយាយដោយឡែក និងនិយាយជារួមគឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែម្តង។
លោក ម៉ៅ ធនិន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងកម្ពុជា និងចិន ព្រោះតែចំណងមិត្តភាពនេះហើយនាំឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទទួលបានសមិទ្ធផលដ៏ធំធេងនេះ។ លោក ម៉ៅ ធនិន បញ្ជាក់បន្ថែមបន្ថែមថា៖ «អ្វីក៏ដោយឲ្យតែយើងមានកិច្ចសហប្រតិបត្តិការល្អហើយ ប្រកបទៅដោយការអភិវឌ្ឍបម្រើឲ្យតម្រូវការ និងជីវភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍវាជារឿងត្រឹមត្រូវ។ បើផ្ដោតទៅលើការប្រសូត្រចេញនូវផ្លូវនេះ ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ទៅលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ មិនថាប្រទេសជាតិណាទេ ជាការសំខាន់បំផុតឲ្យតែមានការអភិវឌ្ឍ ហើយបម្រើទៅដល់ផលប្រយោជន៍ និងបម្រើទៅដល់តម្រូវការចាំបាច់របស់ប្រជាពើរដ្ឋ នៅក្រោមជម្រក និងដំបូលសន្តិភាពរបស់យើង ដែលបច្ចុប្បន្ននេះប្រទេសយើងមានសុខសន្តិភាព ក្រោមឆ័ត្រសន្តិភាព ដែលសម្ដេចបានយកអាយុជីវិតមកប្ដូរសម្រាប់ប្រទេសជាតិយើងនេះ វាពិតជាសំខាន់ណាស់»។
សមិទ្ធផលផ្លូវជាតិលេខ៥៥ មិនត្រឹមតែអភិបាលខេត្តពោធិ៍សាត់នោះបានមើលឃើញពីតម្លៃនៃចំណងមិត្តភាពកម្ពុជា និងចិន តែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានផ្តល់តម្លៃខ្ពស់ចំពោះចំណងមិត្តភាពកម្ពុជា និងចិនផងដែរ។ ពួកគេបានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះសមិទ្ធផលនេះ ហើយបានបង្ហាញនូវការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិនផងដែរ។
លោក និញ ឌៀន លើកឡើងថា៖ «និយាយពីរឿងអរគុណទី១ គឺខ្ញុំអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ទី២អរគុណដល់អ្នកដែលឧបត្ថម្ភថវិកាដែលជាមិត្តចិន ហើយក៏សូមជូនពរសូមឲ្យសម្ដេច និងមិត្តចិន គឺមានតែសេចក្ដីសុខ និងប្រកបកិច្ចការងារទៅដោយរលូនរហូត»។
លោក ហៀន ឆុន បញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមប្រសិទ្ធពរជ័យ ដល់រាជរដ្ឋាភិបាលប្រមុខដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលគាត់ឈ្លាសវៃ ដឹកនាំប្រជាពលរដ្ឋ និងកូនចៅទាំងអស់ សូមឲ្យសម្ដេច និងភរិយា មានអាយុយឺនយូរ ប្រកបកិច្ចការងារអ្វីសូមឲ្យបានសម្រេចដូចបំណង និងបន្តដឹកនាំប្រទេស ដឹកនាំកូនចៅទៅមុខទៀតឲ្យបានយូរអង្វែង»។
អ្នកស្រី កាង គឹមហួន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណគាត់ដែលឲ្យខ្ញុំលក់ដូរដាច់ ហើយបានឃើញផ្លូវល្អ បានឃើញនូវព្រំដែន និងព្រៃភ្នំព្រឹក្សា ធម្មជាតិ ដែលឲ្យពួកខ្ញុំឃើញដល់ថ្ងៃនេះ»៕