(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ដែលជាថ្ងៃទិវាអន្តរជាតិនារី៨ មីនា លើកទី១០៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook បានផ្ញើសារចូលរួមអបអរសាទរ ជាមួយបងប្អូនជនរួមជាតិ។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី ចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់ពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ទិវាអន្តរជាតិនារី៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូត ដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
«មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ដែលជាការបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់ របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជារកបានយ៉ាងលំបាក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែកជួយ ដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើង នៅក្នុងសង្គម»៕