(ភ្នំពេញ)៖ ថ្លែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្នុងទិវាស្តាប់ឮកម្ពុជា លើកទី៥ លោកស្រី យឹម ឆៃលី ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឲ្យមើលងាយមនុស្សថ្លង់ និងសូមលើកទឹកចិត្តមនុស្សថ្លង់ បានចូលរួមគ្រប់សកម្មភាពទាំងអស់។
លោកស្រី យឹម ឆៃលី ហ៊ុនម៉ានី បានឲ្យដឹងថា ទិវាស្តាប់ឮកម្ពុជាឆ្នាំនេះ មានគោលបំណងជំរុញឲ្យអ្នកបាត់បង់ការស្តាប់ឮ បន្តការសិក្សាអប់រំ ដើម្បីឱកាសក្នុងការទទួលបានការងារ និងលទ្ធភាពប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានជុំវិញខ្លួន។
លោកស្រីថា នៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើង ចំពោះការបាត់បង់ការស្តាប់ឮ ដូចជាការទទួលបាននូវឧបករណ៍ជំនួយសម្លេងនៅមានកម្រិតនៅឡើយ ដូច្នេះការធ្វើអន្តរាគមន៍ដំបូង គួរតែធ្វើឡើងតាមរយៈប្រព័ន្ធសុខាភិបាល។
លោកបានបញ្ជាក់ថា៖ «នៅពេលលោកអ្នកដឹងថា មានអ្នកដទៃទៀតបាត់បង់ការស្តាប់ឮ លោកអ្នកអាចគាំទ្រជួយពួកគាត់ ដោយលើកទឹកចិត្តពួកគា ត់ឲ្យធ្វើតេស្តការស្តាប់ឮ និយាយច្បាស់ៗ និងយឺតៗទៅកាន់ពួកគាត់ កុំស្រែកគំហកដាក់ពួកគាត់ ត្រូវឈរកន្លែងមានពន្លឺល្អ ហើយបែរទៅគាត់នៅពេលលោកអ្នកនិយាយ សូមកុំនិយាយទាំងអស់គ្នា ក្នុងពេលតែមួយភ្លាមៗ សូមលើកទឹកចិត្តឲ្យនិយាយម្នាក់ម្តង សូមកាត់បន្ថយសម្លេងរំខាន ឬផ្លាស់ទៅកន្លែងដែលស្ងាត់ជាង សូមឲ្យមនុស្សថ្លង់បានចូលរួមគ្រប់សកម្មភាពទាំងអស់ និងសូមលើកទឹកចិត្តមនុស្សថ្លង់ និយាយពីការបាត់បង់ការស្តាប់ឮ របស់ពួកគាត់ជាមួយអ្នកដទៃ»។
លោកស្រី ជា សេរី ស្ថាបនិកមូលនិធិរក្សាកុមារបានថ្លែងថា យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ជាង៥ភាគរយ ឬ៤៦៦លាននាក់ នៃចំនួនប្រជាជនលើពិភពលោក បានបាត់បង់ការស្តាប់ឮ (ក្នុងនោះមនុស្សពេញវ័យ៤៣២លាននាក់ និងក្មេង ៣៤លាននាក់)។ ទន្ទឹមនេះ ចំនួននៃពិការភាពដោយសារការបាត់បង់ការស្តាប់ឮនោះ នឹងកាត់បន្ថយ នៅពេលដែលប្រជាពលរដ្ឋម្នាក់ៗ ដែលបាត់បង់ការស្តាប់ឮ ទទួលបានចំណេះដឹងពីការប្រើប្រាស់ ឧបករណ៍ជំនួយការស្តាប់ឮ ក៏ដូចជាការទទួលបានឧបករណ៍ជំនួយការស្តាប់ឮផងដែរ៕