(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។
ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ។
សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។
ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕