(ភ្នំពេញ)៖ នៅដើមសប្តាហ៍នេះ ធនាគារអេស៊ីលីដា ភីអិលស៊ី ទើបតែបានរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមាន វិនិយោគិនសាធារណៈជាង៥០០នាក់ចូលរួម។
ទន្ទឹមគ្នានេះ Roadshow ក៏បានធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ផ្តើមដំណើរការប៊ុកបៀលឌីង ជាផ្លូវការចាប់ពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ (ម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍) និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃចាប់ពី១៥,០០០រៀលដល់១៧,៤០០រៀលក្នុងមួយភាគហ៊ុន។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០សប្តាហ៍ក្រោយនេះ គឺជាថ្ងៃបញ្ចប់ការធ្វើការកំណត់ថ្លៃលក់ភាគហ៊ុន របស់អេស៊ីលីដា ហើយវិនិយោគិនដឹងច្បាស់ថា ថ្លៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) មានតម្លៃប៉ុន្មានក្នុង១ភាគហ៊ុន។
ថ្លែងក្នុងឱកាសចូលរួមកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) នៅដើមសប្តាហ៍នេះ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា «ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជដំបូង ដែលធ្វើការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។ ប្រសិនបើមិនមានឆន្ទះដ៏មុះមុត និងការដឹកនាំដ៏ខ្លាំងរបស់ថ្នាក់ដឹកនាំធនាគារទេ យើងមិនអាចឈានដល់ដំណាក់កាលថ្ងៃនេះទេ ហើយវាជាឱកាសសម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍ ព្រោះចំនួនភាគហ៊ុនច្រើនគួរសម សម្រាប់ធ្វើការបោះផ្សាយលក់។ ចង់ទិញប៉ុន្មានក៏បាន ឲ្យតែមានលុយ» ។
លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុបានថ្លែងថា សាធារណជនអាចចូលរួមធ្វើប៊ុកបៀលឌីង ដោយដាក់សំណើចាប់ពី១០០មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ឡើងទៅដោយកើនម្តង (១០ឯកតាមូលបត្រកម្មសិទ្ធិ) ហើយមិនមានកំណត់ចំនួនភាគហ៊ុនអតិបរមា ដែលចង់ដាក់ពាក្យស្នើសុំទេ។ វិនិយោគិនចង់ដាក់ពាក្យស្នើសុំទិញភាគហ៊ុនប៉ុន្មានក៏បាន៕