(ភ្នំពេញ)៖ កាកបាទក្រហមរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានយកអំណោយសង្គ្រោះបឋមចែកជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ស្មើនឹង២៧ខ្នងផ្ទះ ដែលជួបគ្រោះអគ្គិភ័យ។
ការចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសនេះ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី និងមានការចូលរួមពីប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការចូលរួមសោកស្ដាយរបស់លោក ឃួង ស្រេង ជូនប្រជាពលរដ្ឋផងដែរ។ លោកក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងកុំអស់សង្ឃឹមហើយត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរ ឬបំពេញការងារឡើងវិញ។
អំណោយដែលត្រូវចែកជូនពលរដ្ឋ ក្នុងឱកាសនេះ មួយគ្រួសារ ទទួលបានថវិកា, អង្ករ, សម្លៀកបំពាក់, តង និងគ្រឿងឧបភោគ បរិភោគផ្សេងៗទៀតផងដែរ។
សូមរំលឹកថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ខ្នង ហើយបើគិតជាទំហំទឹកប្រាក់ខ្ទង់លានដុល្លារ ខណៈមូលហេតុ កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញទាំងអស់ បានប្រើប្រាស់ទឹកចំនួន១៥០ឡាន ទើបអាចគ្រប់គ្រង និងបាញ់ពន្លត់បានទាំងស្រុង រហូតឈានដល់ម៉ោង១រំលងអាធ្រាត្រ៕