(កោះកុង)៖ រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលស្រុក និងមានការចូលរួមពី អភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាព អាជីវករ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោក ហាក់ ឡេង បានលើកឡើងថា យុទ្ធនាការថ្ងៃទី៨ មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហ ប្រជាជាតិ បានប្រកាសជាថ្ងៃ បានរៀបចំយុទ្ធនាការទិវាអន្តរជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ កម្ពុជាយើងរៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញ នូវការតស៊ូរបស់វីរស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ មនុស្សធម៌នៅក្នុងសង្គម ដែលជាលទ្ធភាព ធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាព លើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអងអាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោក ហាក់ ឡេង បានថ្លែងបន្តថា សន្តិភាព គឺជាធាតុផំ្សដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារ នៃការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកបានបញ្ជាក់ថា នារីមានសិទ្ធិស្មើបុរស នារីក៏អាចធ្វើការដឹកនៅប្រទេសបានដែរ នៅក្នុងពិភពលោកក៏មាននារី ក្នុងនាមជាអ្នកដឹកនាំ ហេតុដូច្នេះយើងត្រូវឲ្យតម្លៃនារីជាស្រ្តីមាតាពិភពលោក៕