(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា វត្តអារាមមិនត្រឹមតែជាកន្លែង សម្រាប់ប្រតិបត្តិព្រះធម៌ប៉ុណ្ណោះទេ តែវត្តអារាមជាកន្លែងសម្រាប់រួមសាមគ្គីគ្នា ក្នុងការកសាងនូវសមិទ្ធផលនានា សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងនៅតាមវត្តអារាមនានា គឺកើតចេញពីសន្តិភាព ពោលប្រទេសមានសន្តិភាព ទើបមានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ដូច្នេះលោកសូមឲ្យមានការរួមគ្នាធ្វើយ៉ាងណា រក្សាឲ្យបាននូវសន្តិភាពនេះ។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តចតុភក្រ្តាមង្គលឧត្តមមុនី ហៅវត្តហារាម ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ១,៨០០នាក់។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាលោកតា លោកយាយ រួមគ្នារក្សាសន្តិភាព កុំចូលរួមក្នុងការអូសទាញពី ជនអគតិមួយចំនួន ដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលស្របច្បាប់ ដោយលោកបញ្ជាក់ថា បើមានគេបបួលទៅធ្វើរដ្ឋប្រហារ ឬដុតកម្ទេចប្រទេសយើង សូមលោកតា លោកយាយកុំចូលរួម ហើយអ្វីដែលយើងត្រូវចូលរួមនោះ គឺការចូលរួមកសាងវត្តអារាម ការចូលរួមធ្វើបុណ្យទាន ចូលរួមបោះឆ្នោត ជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បើសម្ដេចនៅបន្តធ្វើជានាយករដ្ឋមន្ត្រី នោះសម្តេចនឹងមានឱកាសដើម្បីបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនជាងនេះ បន្ថែមទៀត។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងផងដែរថា នៅក្នុងទឹកដីខណ្ឌដង្កោនេះ មានវត្តអារាមចំនួន២៣វត្ត មានព្រះសង្ឃគង់ នៅអាស្រ័យចំនួន៤២៧អង្គ។ ដោយឡែកវត្តចតុភក្រ្តាមង្គលឧត្តមមុនី ហៅវត្តហារាម ដែលបានសម្ពោធកាត់ឫសសីមានាពេលនេះ មានអាយុកាល២១៧ឆ្នាំ ពោលបានសាងសង់ឡើងតាំងពីដើមសតវត្សទី១៨ សម័យរាជធានីឧត្តុង្គ ដោយមានព្រះចៅអធិការចំនួន៨អង្គ មកហើយ ហើយបច្ចុប្បន្ននេះ គឺព្រះសច្ចកោសល ម៉ក់ សុខលី គឺជាព្រះចៅអធិការ។
អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា សមិទ្ធផលដែលបានសម្ពោធឆ្លង ក្នុងឱកាសនេះ គឺព្រះវិហារថ្មីដ៏ធំស្កឹមស្កៃ ទំហំ១២ម៉ែត្រ គុណ២១ម៉ែត្រ កម្ពស់៤៩ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ បំពាក់ភ្ជាប់ជាច្រើនទៀត ដោយបានចំណាយថវិកាសាងសង់រហូតដល់ ប្រមាណជិត២.៣សែនដុល្លារ ដែលបានមកពីកម្លាំង មហាសាមគ្គីរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រមទាំងសប្បុរសជននានា ទាំងក្រៅ និងក្នុងប្រទេស។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានជំរុញ និងស្នើឲ្យប្រជាពលរដ្ឋបន្តរួមគ្នា ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំពុះពារជំនះរាល់ការលំបាកខ្លាំងណាស់ ទម្រាំដណ្តើមបានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ដោយសាររដូវនេះជារដូវប្រាំង ដែលតាមការព្យាករណ៍ អាចមានការកើនឡើងនូវកំដៅខ្ពស់ជាង បណ្ដាឆ្នាំកន្លងទៅ ហើយខណ្ឌដង្កោ គឺជាខណ្ឌមួយស្ថិតនៅជាយរាជធានី មិនទាន់មានបណ្ដាញទឹកស្អាតគ្រប់គ្រាន់ ដូច្នេះលោកស្នើឲ្យ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមគ្នារក្សាទុកទឹកស្អាត និងប្រើប្រាស់ដោយការសន្សំសំចៃខ្ពស់។ ជាពិសេសត្រូវត្រៀម ចូលរួមបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ ឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ គ្រោះរាំងស្ងួត និងគ្រោះអគ្គីភ័យជាយថាហេតុ៕