(ភ្នំពេញ)៖ បន្ទាប់ពីបានបង្កើតក្រុមការងារពិសេសចំពោះកិច្ច សម្រាប់តាមដាន និងរាយការណ៍ អំពីមេរោគ COVID-19 នៅប្រទេសកូរ៉េ ដែលផ្តោតការយកចិត្តទុក ដាក់ជាអាទិភាពពីសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាចំបង និងបន្ទាប់ពីទទួលបានការឧបត្ថមពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារបានរៀបចំវេចខ្ចប់ម៉ាស់ ចំនួន១,០០០ម៉ាស់ និងទឹកលាងដៃប្រមាណ៣,០០០ដក ដែលមានគុណភាពខ្ពស់ នូវដំណាក់កាលទី១ ដោយឥតគិតថ្លៃ ដើម្បីផ្ញើជូនដល់សហគមន៍ខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ ជាពិសេសនៅតំបន់ថេហ្គូ និងខេត្តខ្យងសាង ជាអាទិភាព ដោយសារតែជាតំបន់ដែលមានការរីករាលដាលខ្លាំង។
នីតិវិធីងាយៗ ក្នុងការស្នើសុំម៉ាស់ពីស្ថានទូត គឺគ្រាន់តែផ្ញើឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋាន និងអត្តសញ្ញាណប័ណ្ឌ (ID Card) មកទំព័រហ្វេសប៊ុករបស់ស្ថានទូត ឬក្រុមការងារពិសេសចំពោះកិច្ចណាមួយ របស់ស្ថានទូតជាការស្រេច។
ស្ថានទូតកម្ពុជា បាននិងកំពុងធ្វើការទាក់ទងទិញម៉ាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការចាំបាច់បឋម និងបន្ដស្វែងរកជំនួយសប្បុរសជននានា ដើម្បីជួយឧបត្ថមដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ដែលជួបការលំបាកក្នុងការរកទិញម៉ាស់ ដើម្បីប្រើប្រាស់ក្នុងកាលៈទេសៈដ៏ប្រឈមនេះ។
ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជននានា និងសមាជិកក្រុមការងារពិសេស ចំពោះកិច្ចដែលបានជួយឧបត្ថមគាំទ្រ និងចូលរួមសហការបង្កលក្ខណៈ ដើម្បីជួយគាំពារដល់សហគមន៍ខ្មែរ នៅប្រទេសកូរ៉េ ទទួលបានសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត៕