(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញេីសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០នេះ ដែលសារលិខិតនោះមានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មហាប្រសើរ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបទី ១០៩ ទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" តាងនាមគណៈកម្មាធិការកណ្ដាល មន្ដ្រី អ្នកស្ម័គ្រចិត្ដ យុវជន នៃកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏មហាកិត្តិយសនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតស្ញប់ស្ញែងចំពោះភាពជាអ្នកដឹកនាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែខិតខំប្រឹងប្រែងដោយឆន្ទៈមោះមុត យកអស់កម្លាំងកាយ ចិត្ត ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះ ព្រមទាំងផ្តល់កម្លាំងចិត្តឲ្យយើងខ្ញុំទាំងអស់គ្នាបន្តយកចិត្តទុកដាក់ ក្នុងការចូលរួមថែរក្សាសន្តិភាព ការលើកកម្ពស់វប្បធម៌អហឹង្សា និងសាមគ្គីភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចសុខុមាលភាពសង្គម និងការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។ លើសពីនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន គឺជាមាតាមនុស្សធម៌ ជាស្ត្រីកម្ពុជាដ៏ឆ្នើម ដែលដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ដ៏ឆ្នើម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្រោមម្លប់ដ៏ត្រជាក់ នៃ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រសិទ្ធពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង សម្ដេចតេជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឆាប់ជាសះស្បើយពីរោគាព្យាធិ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សិរីសួស្តី និងបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មេត្តាទទួលនូវអភិវន្ទនាការ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ អំពីយើងខ្ញុំ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង គង់ សំអុល គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖