(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០នេះ។
សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មានអត្ថន័យជា្រលជ្រៅជាប្រវត្តិសាស្ត្រ ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនារីទូទាំងសកលលោក មានក្តីសោមនស្សរីករាយ ចូលរួមអបអរខួបទី ១០៩ ទិវាអន្ដរជាតិនារី ៨ មីនា ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ចាកផុតពីព្រះរោគាព្យាធិនានា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ជាអង្វែងតរៀងទៅ។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះកតញ្ញុកតវេទិតាធម៌យ៉ាងធំធេង ចំពោះព្រះរាជសារ របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានថ្វាយព្រះរាជតម្រិះគាំទ្រប្រធានបទ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២០ ផ្តោតជាសំខាន់លើគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ ការលើកកម្ពស់វប្បធម៌អហិង្សា និងសាមគ្គីភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចសុខុមាលភាពសង្គម ព្រមទាំងប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។
លើសពីនេះទៀត ខ្លឹមសារព្រះរាជសារដ៏មានសារៈសំខាន់នេះ បានប្រោសប្រទានកម្លាំងចិត្តយ៉ាងធំធេងដល់ខ្ញុំម្ចាស់ និងសហការី ឲ្យកាន់តែមានឆន្ទៈមោះមុតខ្លាំងក្លាថែមទៀត ក្នុងការបំពេញការងារមនុស្សធម៌ តាមព្រះរាជគន្លងព្រះវីរៈគំរូមនុស្សធម៌ដ៏ឆ្នើមនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំម្ចាស់ សូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់តេជបារមី ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានព្រះពរជ័យ មហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនាការ និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖